Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ឆេះផ្ទះមួយខ្នងស្លាប់មនុស្ស២នាក់សង្ស័យជា​ករណីឃាតកម្ម

បាត់ដំបង​៖​ យ៉ាងហោចណាស់មនុស្ស២នាក់​បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌​នៅក្នុងភ្នក់ភ្លើង​ បន្ទាប់ពីអគ្គីភ័យឆាបឆេះផ្ទះ​ប្រជាពលរដ្ឋមួយខ្នង​ ៖​ ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០១​និង៤០នាទីរំលងអាធ្រត្រឈានចូលថ្ងៃទី៣១​ ខែ​ឧសភាឆ្នាំ២០២០​ នៅក្រុមទី១២​ ភូមិ​បន្សាយត្រែង ឃុំបន្សា​យ​ត្រែង ស្រុកថ្ម​គោល ខេត្តបាត់ដំបង​ ។

សមត្ថកិច្ចបានអោយដឹងថា​ សពជនរងគ្រោះ​ទី០១-ឈ្មោះ​ គិម ធឿន ស្រី អាយុ៥២ ឆ្នាំនិង​ទី០២-ឈ្មោះ​ គិម សៀវម៉ី ភេទស្រី អាយុ១៨​ឆ្នាំ​ សពជនរងគ្រោះទាំងពីរនាក់ជាម្ដាយនិងកូន​ ត្រូវភ្លើងឆេះមើលលែងស្គាល់។​ ចំណែក​ម្ចាស់ផ្ទះឈ្មោះ​ យៃ ឡើយ​ ភេទប្រុសអាយុ​៥២ឆ្នាំ ដែលត្រូវជាប្ដី​ និងឪពុក​ ជនរងគ្រោះ​ខណៈ​អគ្គីភ័យកំពុង​ឆាបឆេះ​ មិនឃើញនៅ​កន្លែងកើតហេតុនោះទេ​ ។

សមត្ថកិច្ចបានបន្តថា​ ពេលអគ្គិភ័យកំពុងឆាប​ឆេះយ៉ាងសន្ធោរ​ស​ន្ធៅ ត្រូវបានអ្នកភូមិផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលនៃអធិការ​ដ្ឋាននគរបាលស្រុកថ្មគោល ភ្លាមៗរថយន្តពន្លត់អគ្គិភ័យរបស់នគរបាលបានចេញមកជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់ក្រោមការ​ដឹ​កនាំរបស់ លោក​វរសេនីយ៍ឯក ផង់ សុភាព អធិការ​នគរបាលស្រុកថ្មគោល ដោយប្រើ​ប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងបាញ់ទឹកអស់មួយឡានទើបរលត់ទាំងស្រុង។

សមត្ថកិច្ចបានអោយដឹងទៀតថា​ ក្នុងហេតុការ​​ណ៍គ្រោះអគ្គិភ័យនេះដែលសមត្ថកិច្ចបាន​ដាក់ការ​ស័ង្សយថា​ ជាករណីឃាតកម្មហើយសមត្ថកិច្ចជំនាញកំពុងស្រាវ​ជ្រាវយ៉ាង​យកចិត្តទុកដាក់បំផុត​ ។

ចំពោះការខូចខាតរួមមាន៖​ ឆេះផ្ទះ០១ខ្នងទំហំ ១០ម៉ែត្រx៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាត៧០% ព្រមទាំងខូច​ខាតម៉ូតូចំនួន០២គ្រឿងទាំងស្រុងនិងខូច​ខាត​កង់ចំនួន០១គ្រឿងទាំងស្រុង និងសម្ភារមួយ​ចំនួនទៀត​ ។

បច្ចុប្បន្ន​ សមត្ថកិច្ចជំនាញកំពុងតែស្វែងរកឈ្មោះ យៃ ឡើយ ដែលត្រូវជាប្តីនិងជាឳពុកដែលបាត់ខ្លួនពីមូលដ្ឋាន ហើយក៏ជាមនុស្សដែលស្ថិតក្នុងការស័ង្សយចំពោះករណីខាង​លើ​នេះ​ ៕

ចែករំលែកអត្ថបទ