Tuesday, April 23, 2024
Latest:
សន្តិសុខ​សង្គម

បើកប្រតិបត្តិការបង្ក្រាបសំបុកចោរប្លន់ម៉ូតូ បាន៨នាក់ នៅខេត្តកំពង់ស្ពឺ ខណះកំពុងគេចខ្លួនមួយចំនួនទៀត!

កំពង់ស្ពឺ៖ បក្សពួកក្រុមចោរ ដែលជាមុខសញ្ញាកាប់ប្លន់ តាមដងផ្លូវជាតិលេខ៤ និងផ្លូវលំមួយចំនួនទៀត នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចសហការ បើកបង្រ្កាបបានចំនួន៨នាក់ ស្រី២នាក់។
ប្រតិបត្តិការខាងលើនេះ ត្រូវបានធ្វើឡើង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយដឹកនាំកម្លាំងអធិការដ្ឋាន នគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ កាលពីវេលាម៉ោង៩៖៤០នាទីព្រឹក ថ្ងៃអាទិត្យ ទី៨ ធ្នូ ឆ្នាំ២០១៩ នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទាំងនោះរួមមាន ទី១ ឈ្មោះ រឿន កវី ប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ។ ទី២ ឈ្មោះ នាង សីហា ហៅប៉ាវ ប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិជ្រលងថ្កូវ ឃុំរលាំងចក ស្រុកសំរោងទង ។ ទី៣ ឈ្មោះ ស៊ន ភក្ដី ប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិចំការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង ។ ទី៤ ឈ្មោះ ហ៊ីង ពិសិដ្ឋ ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិវល្លិសរ ឃុំវល្លិសរស្រុកសំរោងទង ។ ទី៥ ឈ្មោះ និត ចំណាន ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិសំពៅងរ ឃុំព្នាយ ស្រុកសំរោងទង ។ ទី៦ ឈ្មោះ ញ៉ែម ចាន់ដែត ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូុមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ។ ទី៧ ឈ្មោះ សុខ ស្រីលាប ស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន និងទី៨ ឈ្មោះ បួយ កែវ ស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា លទ្ធផលប្រតិបត្តិការខាងលើ ត្រូវបានធ្វើឡើងនៅបន្ទប់ជួលរបស់ឈ្មោះ ខឹម កល្លិកា ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺសមត្ថកិច្ច ដកហូតបានម៉ូតូមិនប្រក្រតីចំនួន៦គ្រឿង និងសម្ភារៈគ្រឿងបន្លាស់ម៉ូតូ និងដាវកាំបិតផ្គាក់មួយចំនួន ជាវត្ថុតាងសំរាប់កាប់ប្លន់។
តាមការបញ្ជាក់ឲ្យដឹងពី លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា ប្រវត្តិសកម្មភាពពួកក្រុមជនសង្ស័យទាំងនោះ គឺស្ទាក់វៃប្លន់ដោយប្រើប្រាស់ដាវ និងដំបងជាញឹកញាប់ក្រុមនេះ តែងតែធើ្វសកម្មភាពប្លន់តាមដងផ្លូវជាតិលេខ៤ និងផ្លូវលំមួយចំនួនទៀត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅពេលទាបភ្លឺ និងពាក់កណ្ដាលរាត្រី នៅពេលមានអ្នកដំណើរចេញ-ទៅរកស៊ី ឬដឹកបន្លែទៅទីផ្សាជាដើម ភាពសាហាវរបស់ក្រុមនេះ ភាគច្រើនតែងកាប់ជនរងគ្រោះដើម្បីប្លន់យកសម្ភារៈតែម្ដង។ យោងតាមចម្លើយបឋម ថាបក្ខពួកក្រុមចោរមួយចំនួនទៀត បាននឹងកំពុងរត់គេចខ្លួន ក្រោយពីសមត្ថកិច្ច ធ្វើការបង្រ្កាបបក្ខពួករបស់គេ។
ទោះបីយ៉ាងណា សមត្ថកិច្ចបានបញ្ជាក់ថា មុខជនសង្ស័យសេសសល់ទាំងនោះ គឺកម្លាំងជំនាញបានស្គាល់អត្តសញ្ញាណអស់ហើយ និងបន្ដស្រាវជ្រាវ ដើម្បីឈានដល់ការបង្រ្កាបជាបន្ដបន្ទាប់ទៀត នៅពេលខាងមុខ៕

ចែករំលែកអត្ថបទ