Saturday, April 20, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបុកម៉ូតូពីក្រោយនិងកិនស្ត្រីម្នាក់បណ្ដាលឲ្យស្លាប់បាត់បង់​ជីវិត​យ៉ាងអាណោចអធម៌

ភ្នំពេញ​ ៖ ស្ត្រីម្នាក់ចេញពីធ្វើការសំណង់ជិះ​ម៉ូតូ​ ទៅផ្ទះអកុសលត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍បើកបុកម៉ូតូពីក្រោយនិងកិនបណ្ដាលឲ្យស្លាប់​ ឯបុរសម្នាក់ទៀតរង​របួស​ស្រាល
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥ និង ៣០​នាទីល្ងាចថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២១ នៅ​តាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ភូមិប្រការ​សង្កាត់​សង្កាត់ព្រៃស​ ខណ្ឌដង្កោ ។

សពស្ត្រីរងគ្រោះមានឈ្មោះ​ សុខ​ ការ​ អាយុ ៤៧ ឆ្នាំមុខរបរជាកម្មករ​ សំណង់ ស្នាក់នៅ​សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត​ ភូមិស្វាង ឃុំ ប្រធាតុ ស្រុកកំពងត្របែក ខេត្តព្រៃវែង​ ។

បើតាមសម្ដីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់​បានជិះម៉ូតូ​ ម៉ាកហុងដាឌ្រីម​ ពណ៍ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1BY-8009 ឌុបស្ត្រីរង​គ្រោះចេញពីធ្វើការសំណង់នៅការដ្ឋានមួយកន្លែង​បំណងត្រឡប់ទៅផ្ទះ​ដោយ​ធ្វើដំណើរ​តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់ត៍បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមកបុកម៉ូតូគាត់ពីក្រោយ បណ្ដាលឲ្យម៉ូតូរបស់គាត់ដួលឯស្ត្រីរងខ្ទាតចូលក្រោម​ រថយន្តបណ្ដាលអោយរថយន្តកិនស្លាប់​ ។ ​ ចំណែកគាត់បានខ្ទាត​ចេញមកក្រៅរងរបួសស្រាល ពេលនោះរថយន្តបាន​បន្តបើកទៅមុខប្រហែលជា ២០០ម៉ែត្រត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវដេញឃាត់ចាប់បានអ្នកបើកបរ​ប្រគល់​ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល​ព្រៃស ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញ​ចរាចរណ៍ខណ្ឌដង្កោ​ ចុះទៅធ្វើការវាស​វែងប្រគល់រថយន្តនិងម៉ូតូទៅឲ្យសមត្ថកិច្ចជំនាញការិយាល័យរចរាចរណ៍នៃស្នងការ​នគរបាលធានីភ្នំពេញយកទៅរក្សាទុក​ចំណែកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

ចែករំលែកអត្ថបទ