សន្តិសុខ​សង្គម

អាវុធហត្ថឃាត់ខ្លួន​ជនជាតិវៀតណាមម្នាក់រួម​និង​កាំភ្លើង AK៤៧ ១​ដើម

ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងឃាត់ខ្លួនជនជាតិវៀតណាមម្នាក់រួមនិងកាំភ្លើងAK47១ដើម
ហេតុការណ៍នេះបានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង២ ៖១០ ​រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុច​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត​ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបាន​ព័ត៌មាន​រាយការណ៍​ថា នៅ​ចំណុច​ខាងលើ មាន​ករណី​រក្សាទុក​អាវុធ​ខុសច្បាប់​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង បាន ដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​លោក​វរសេនីយ៍ឯក ស្រី វុត្ថា មេ​បញ្ញា​ការរង​ទទួល​ផែន​យុត្តិធម៌ ដឹកនាំ​កម្លាំង​ចុះបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ និង​មានការ​សម្របសម្រួល​ពី​លោក គង់ ច័ន្ទ​ខេ​មរ​ទ្ធ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​វៀតណាម​ដែលមាន​ឈ្មោះ ទ្រឿ​ង មិញ​ថុង អាយុ២១ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ៥ សង្កាត់​តឹង​ហៀ​ប ក្រុង​ធូ​យូវ ខេត្ត​ប៊ិន​យឿ​ង ប្រទេស​វៀតណាម។

បើតាមចម្លើយ​សារភាពរបស់​ជនសង្ស័យ​ថាកាំភ្លើង​នេះ គេ​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ក្រុង​បាវិត។ វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន ទី១៖ កាំភ្លើងAK47 មួយ​ដើម, ទី២៖ បង់​ចំនួន២បង់, ទី៣៖ គ្រាប់៥៦គ្រាប់, ទី៤៖ សឺ​មែ​ល១, ទី៥៖ សាង​សម្រាប់​ដាក់​គ្រាប់១ខ្សែ, ទី៦៖ ពិល១, ទី៧៖ ឡាស៊ែ​ដាក់​ជាប់​កាំភ្លើង១ ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្សយ័ទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕

ចែករំលែកអត្ថបទ