Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូបំណងទៅដេកផ្ទះបងប្រុសត្រូវរថយន្តបុកពីក្រោយដួលបោក​ក្បាលស្លាប់

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូបំណងទៅដេកនៅ​ផ្ទះ​បង​ តែជា​ អកុសល​ជិះមកដល់ពាក់កណ្ដាលផ្លូវត្រូវរថយន្ត​ បុកដួលបោកក្បាលនិងថ្នល់ស្លាប់​ ភ្លាមៗនៅនិងកន្លែង​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០​ និង១៥នាទីយប់ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ២​ ភូមិក្រាំងស្វាយសង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ។

សពជនរងគ្រោះមានឈ្មោះ ប៉ែន តុលា​អាយុ ២៥ឆ្នាំ មុខរបរ ជាងប៉ះកង់ឡាន ស្នាក់​នៅសង្កាត់ព្រែកហូរ​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល និងមានស្រុកកំណេីត ភូមិពភ្លា ឃុំសង្ឃ័រ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាកុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាក​លេខ ស្វាយរៀង 1F-1790 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតទៅ​លិច ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ប្រភេទដឹកទូកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-0247 ធ្វើដំណើរ​បញ្ច្រាស់ទិសគ្នាក្នុងល្បឿនយ៉ាងលឿន និងបានវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀត មិនប្រយត្ន័ជ្រុលទៅបុកម៉ូតូកុបជ្រុងចំពីមុខពេញទំហឹង​ បណ្ដាលឲ្យបុរស​ម្ចាស់ម៉ូតូដួលបោកក្បាលនិងថ្នល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌ ចំណែកឯតៃកុងរថយន្តបង្កបានចុះគេចខ្លួនបាត់។

-បើតាមសម្ដីបងប្រុសបង្កើតរបស់សពជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូពីព្រែកហូរ មកផ្ទះគាត់នៅម្ដុំរង្វង់មូលគួរស្រូវ ដើម្បីមកដេកជាមួយ តែអកុសល​ប្អូនប្រុសរបស់គាត់បានជួបគ្រោះថ្នាក់​ចរាចរ​ណ៍ស្លាប់បាត់បង់ជីវិតគួរឲ្យសោកស្ដាយបំផុត ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ខណ្ឌដង្កោ ធ្វើការវាស់វែង​យករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុក​នៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់​ឲ្យសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ