Wednesday, May 15, 2024
Latest:
សន្តិសុខ​សង្គម

បែកធ្លាយ! ឧកញ៉ាម្នាក់កំពុងរត់ការឲ្យតុលាការខេត្តកំពង់ស្ពឺដោះលែងឈ្មោះ អឿន ធួន ដែលល្បីខាងឆបោករឿងដីធ្លី

(កំពង់ស្ពឺ)៖ ប្រភពច្បាស់ការពីតុលាការខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មានឧកញ៉ាធំម្នាក់កំពុងអន្តរាគមន៍ ឲ្យចៅក្រមស៊ើបសួរដោះលែងជនត្រូវចោទឈ្មោះ អឿន ធួន នៅរសៀលថ្ងៃនេះ ជាបន្ទាន់។

ប្រភពដដែលបញ្ជាក់ថា ឧកញ៉ារូបនោះថែមទាំងប្រើឈ្មោះថ្នាក់ដឹកនាំទៅអន្តរាគមន៍នៅស្ថាប័នតុលាការខេត្តកំពង់ស្ពឺ ដើម្បីឲ្យដោះ ជនឆបោកឈ្មោះ អឿន ធួន ថែមទៀតផង។

ការលួកដៃក្នុងនីតិវិធីរបស់តុលាការ ពីសំណាក់ឧកញ៉ាធំនោះ បានធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនជនឆបោកឈ្មោះ អឿន ធួន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោកចៅក្រម នួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោមបទចោទ គំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ ក្នុងការទិញលក់ដីទំហំ ២៧ហិកតា ប្រព្រឹត្តនៅភូមិបឹងធ្នង់ និងភូមិព្រៃរំដួលខាងត្បូង ឃុំបរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០២១ យោងតាមមាត្រា ២៣២ នៃក្រមព្រហ្មទណ្ឌ។

ការចាប់ខ្លួនជនត្រូវចោទឈ្មោះ អឿន ធួន បានធ្វើឡើងបន្ទាប់ពីជនត្រូវចោទ មិនព្រមចូលខ្លួនឆ្លើយបំភ្លឺចំពោះមុខចៅក្រមស៊ើបសួរតាមនីតិវិធី និងព្យាយាមគេចខ្លួនពីសំណាញ់ច្បាប់។

ប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់កំពុងរងចាំមើលថា តើតុលាការខេត្តកំពង់ស្ពឺ ហ៊ានចេញដីកាឃុំខ្លួនជនល្មើសឈ្មោះ ធឿន ធួន ដែរឬទេ? ឬក៏ត្រូវដោះលែងជនល្មើសរូបនេះតាមការបញ្ជារបស់លោកឧកញ៉ាធំ ដោយបំពានច្បាប់ មិនគិតពីការឈឺចាប់របស់ប្រជនស្លូតត្រង់? ១

សូមបញ្ជាក់ថា ជនឆបោកឈ្មោះ ធឿន ធួន កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ធ្លាប់ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាប់ខ្លួនបញ្ជូនទៅឲ្យតុលាការដាក់គុកម្ដងរួចមកហើយ ពាក់ព័ន្ធបទល្មើសឆបោកក្នុងរឿងទិញលក់ដីម្ដុំផ្លូវជាតិលេខ៤១ ប៉ុន្តែបន្ទាប់ពីជាប់ពន្ធនាគារបានប៉ុន្មានខែតែប៉ុណ្ណោះ ក៏ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញ។

សូមជម្រាបជូនថា ជនត្រូវចោទឈ្មោះ ធឿន ធួន ក៏កំពុងជាប់បណ្ដឹងជាច្រើនទៀតផងដែរនៅសាលាដំបូងខេត្តកំពង់ស្ពឺ ដែលនៅក្នុងនោះសំណុំរឿងរំលោភលើទំនុកចិត្ត និងចេញសែកស្អុយ ដែលស្ថិតក្រោមចំណាត់ការរបស់លោកស្រីចៅក្រម ស៊ លីនណា៕