Saturday, April 20, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

កម្មករ-កម្មការិនី តាមរោងចក្រភាគច្រើន នៅបម្រើការងារធម្មតា មិនទៅស្រុកកំណើតទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ភ្នំពេញ ៖ ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នោះ កម្មករ-កម្មការិនីបម្រើការងារនៅតាមរោងចក្រ សហគ្រាសភាគច្រើនបំផុត នៅតែបន្តធ្វើការងាររបស់ពួកគេជាធម្មតាមិនឈប់សម្រាកទៅស្រុកកំណើតនោះឡើយ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកពេលនៃការឈប់សម្រាកបុណ្យចូលឆ្នាំចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ពោលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត និងបុគ្គលិកក្រុមហ៊ុននានា នៅតែធ្វើការជាធម្មតាក្នុងកំលុងពេលបុណ្យចូលឆ្នាំនៅសប្តាហ៍ក្រោយនេះ។ ការសម្រេចលើកពេលឈប់សម្រាកបុណ្យចូលឆ្នាំនេះ ដើម្បីទប់ស្កាត់ការជួបជុំ ដែលជាដើមចមដ៏ធំបំផុតនាំឱ្យផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

មកដល់ព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ កម្មករ កម្មការិនី នៅតាមរោងចក្រភាគច្រើនបំផុតនៅតែបន្តធ្វើការរបស់ពួកគេជាធម្មតាមិនមាននរណា ត្រឡប់ទៅស្រុកកំណើតនោះឡើយ។ ក្រុមកម្មករ កម្មការិនី នៅតាមរោងចក្រ សហគ្រាសមួយចំនួនក្នុងរាជធានីភ្នំពេញ បានថតវីដេអូបង្ហាញនូវសកម្មភាពរបស់ពួកគេពេលកំពុងធ្វើការ។

តាមរយៈវីដេអូនោះ ពួកគេបានបញ្ជាក់ថា កម្មករ កម្មការិនី គោរពតាមការណែនាំ និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមការពារទប់ស្កាត់ ការរីករាលជំងឺកូវីដ-១៩ គឺពួកគេនៅតែធ្វើការជាធម្មតាមិនត្រឡប់ទៅស្រុកកំណើតនោះឡើយ។ កម្មករ កម្មការិនី ដែលបន្តធ្វើការទាំងនេះ ក៏បានអំពាវនាវដល់កម្មករ កម្មការិនីដទៃទៀត បន្តនាំគ្នានៅធ្វើការ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

«ខ្ញំធ្វើការនៅរោងចក្រ… ថ្ងៃនេះពួកខ្ញុំធ្វើការធម្មតា! ខ្ញុំចូលរួមការប្រយុទ្ធប្រឆាំងជំងឺកូវីដ…សូមពុកម៉ែបងប្អូនរក្សាអនាម័យ និងថែសុខភាព! ពេលចប់ជំងឺកូវីដ យើងនឹងជួបជុំគ្នា រាំលេង សប្បាយជាមួយគ្នា។ ត្រឹម កន្លះនាទីគឺល្មម»។

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឱ្យនៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសានេះថា មកដល់ពេលនេះ ក្នុងចំណោមរោងចក្រដែលនៅដំណើរការនោះ គឺកម្មករ កម្មការិនី ប្រមាណជា ៩៥ភាគរយនៅតែបន្តធ្វើការជាធម្មតា។ ដោយឡែក៥ភាគរយទៀត គឺពួកគេបានសុំដោយមានការអនុញ្ញាតត្រឹមត្រូវពីភាគីរោងចក្រ បន្ទាប់ពីពួកគេមានមូលហេតុច្បាស់លាស់។

លោក ហេង សួរ ក៏បន្តអំពាវនាវដល់កម្មករ កម្មការិនី នៅតាមរោងចក្រនានា បន្តធ្វើការងារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

ក្រសួងការងារកាលពីថ្ងៃទី០៩ ខែមេសា កន្លងទៅនេះ បានជូនដំណឹងថា កម្មករនិយោជិតដែលឈប់សម្រាកក្នុងកំលុងពេលបុណ្យចូលឆ្នាំដោយឯកឯង គ្មានការអនុញ្ញាត ឬព្រមព្រៀងពីភាគីថៅកែ នោះកម្មករ និយោជិត នឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល ១៤ថ្ងៃ មុនចូលបំពេញការងារវិញ នឹងមិនទទួលបានប្រាក់ឈ្នួលក្នុងរយៈពេលធ្វើចត្តាឡីស័កនេះឡើយ។

ដោយឡែកកម្មករ និយោជិត ដែលឈប់សម្រាកក្នុងកំលុងពេលបុណ្យចូលឆ្នាំ ដោយមានការអនុញ្ញាតពីភាគីថៅកែ នោះកម្មករ និយោជិតនឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល ១៤ថ្ងៃ មុនចូលបំពេញការងារវិញ និងទទួលបានប្រាក់ឈ្នួលពីនិយោជក ក្នុងរយៈពេលធ្វើចត្តាឡីស័ក៕

 

ចែករំលែកអត្ថបទ