Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

មួយយប់​ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ២កន្លែងផ្សេងគ្នា​នៅ​ខណ្ឌសែនសុខ

ភ្នំពេញ ៖ ផ្ទះល្វែងរបស់ប្រជាពលរដ្ឋចំនួន២ទីតាំងផ្សេងគ្នាក្នុងខណ្ឌសែនសុខ ត្រូវបានអគ្គីភ័យឆាបឆេះជាបន្តបន្ទាប់ក្នុងយប់ថ្ងៃតែមួយ និងបណ្ដាលឲ្យរងការខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួនធំ​
គ្រោះអគ្គីភ័យនេះបានកើតឡើងនៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ដោយទីតាំងទី១ នៅភូមិទ្រុងមាន់ ក្រុមទី១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងទីតាំងទី២ភូមិប៉ាយ៉ាប សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តែពុំមានបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យថា ករណីអគ្គីភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ទីតាំងផ្សេងគ្នាខាងលើរួមមាន ៖ លើក​ទី១ នៅវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី២៣ខែមករា ឆ្នាំ​២០១៩ មានករណីទុស្សេខ្សែភ្លើងបណ្ដាលឲ្យភ្លើងឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៤បន្ទប់ស្ទើរតែទាំងស្រុង ស្ថិតក្នុងភូមិ ទ្រុងមាន់ ក្រុមទី១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១៥គ្រឿង ទើបអាចពន្លត់ភ្លើងទាំងស្រុងបាន ។
និងករណីទី២ នៅវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ដដែល មានអគ្គីភ័យបានឆាបឆេះផ្ទះវីឡា មួយកន្លែង ក្នុងបុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្ដាលឲ្យរងការខូចខាតសម្ភារៈមួយចំនួនធំ និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១០គ្រឿងទើបគ្រប់គ្រងស្ថានការបាន ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ចាក់ថាករណីអគ្គីភ័យចំនួន២​ទី​តាំង​ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ គ្រាន់​តែខូចខាតសម្ភារៈក្នុងផ្ទះរងគ្រោះតែប៉ុណ្ណោះ ។
ហើយសមត្ថកិច្ចក៏រំលឹកដល់ប្រជាពលរដ្ឋយើង សូមឲ្យមាន​ការប្រុងប្រយ័ត្នជាខ្លាំងចំពោះ ធូប ទាន ចង្ក្រាន ព្រីភ្លើង និងកន្លែងក្នុងផ្ទះផ្សេងទៀតដែលអាចបង្កជាហានីភ័យ ព្រោះការខាតបង់ទ្រព្យសម្បត្តិ មិនងាយរកបាននោះទេ ៕

ចែករំលែកអត្ថបទ