សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យ៥នាក់ថ្នាំញៀនជិត៣គីឡូនិងកាំភ្លើង​១ដើម​ រំដោះជនជាតិថៃ២នាក់

ព្រះវិហារ៖​ កម្លាំងសមត្ថកិច្ចខេត្តព្រះវិហា​ បើកប្រតិបត្តិការ​ឡោមពទ្ឋ័ បង្ក្រាបករណីចាប់ជំរិតទារប្រាក់នឹងជួញដូរថ្នាំ​ញៀនឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ដកហូតថ្នាំញៀន​ ជិត៣គីឡូក្រាម អាវុធAKបត់១ដើមគ្រាប់៣០គ្រាប់​ និង​បាន​រំដោះ​ ជន​រងគ្រោះជនជាតិថៃ២នាក់ ដែលក្រុមជនសង្ស័យ​ចាប់ជំរិតទាប្រាក់
​ ប្រតិបត្តិការនេះបានធ្វើឡើង​​នៅព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ​២០១៨ នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ​។

លោកស្នងការនគរបាលខេត្តព្រះវិហា​ បាន​ឲ្យដឹងថា​ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨​ ស្ត្រីរងគ្រោះជាជនជាតិថៃ២នាក់​ បានធ្វើដំណើរតាមយន្តហោះ ពីទីក្រុងបាងកក មកចុះនៅ​ព្រលានយន្តហោះខេត្តសៀមរាប ហើយក៏មានរ៉ឺម៉កកង់បីដឹកចេញពីព្រលាន​ ដែលមាន​រថយន្តមួយគ្រឿង ចាំទទួលយក​មកទីតាំងកើតហេតុនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​ ។ ក្រោយមកក្រុមជនសង្ស័យទាំង៥នាក់នេះ បានបង្ខំឲ្យស្ត្រីរងគ្រោះជាជនជាតិថៃទាំង២នាក់ទូរស័ព្ទទៅក្រុមគ្រួសារ​នៅប្រទេសថៃ ឲ្យផ្ទេរប្រាក់ជាថ្នូរ នឹងការដោះលែង ។ បន្ទាប់ពីស្ត្រីជនជាតិថៃទាំងពីរនេះ ប្រាប់ក្រុមគ្រួសារ និងផ្ញើ​រូបភាពទៅឲ្យក្រុមគ្រួសារមើល ក្រុមគ្រួសាររងគ្រោះក៏ប្តឹង មកស្ថានទូតថៃប្រចាំ​កម្ពុជា ហើយស្ថានទូតថៃ​ប្តឹងបន្តមកអគ្គស្នងការនគរបាលជាតិ ទើបបំបែកបានសំណុំរឿងនេះ។

លោកស្នងការបានបន្តថា​ កម្លាំងសមត្ថកិច្ចប្រមាណជា​៤០​នាក់បានសហការជាមួយកម្លាំងនគរបាល នៃនាយកដ្ឋានសន្តិសុខផ្ទៃ​ក្នុងបានចុះទៅដល់ទីតាំងខាងលើ និងឡោមព័ទ្ធទីតាំងមួយយប់ទល់ភ្លឺទើបបង្ក្រាបបានជោគជ័យដោយឃាត់​ខ្លួនជនសង្ស័យ​​៥នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួននិង​រំដោះនារីជនជាតិថៃ​បានដោយសុវត្ថិភាព។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាងមានថ្នាំញៀនជិត៣គីឡូក្រាម អាវុធAKបត់១ដើម គ្រាប់៣០គ្រាប់ រថយន្ត ម៉ូតូ សម្ភារផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់រាជធានីភ្នំ​ពេញ ដើម្បីចាត់ការបន្តទៅតាមច្បាប់ ៕

ចែករំលែកអត្ថបទ