សន្តិសុខ​សង្គម

នគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ រួមនឹងថ្នាំញៀន១០កញ្ចប់

ភ្នំពេញ៖ តំបន់សំណង់មិនរាបរយ (ផ្ទះឡ) ផ្លូវរថភ្លើងR៦ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាកន្លែងចែកចាយគ្រឿងញៀនល្បីខ្លាំងជាងគេ ដែលសមត្ថកិច្ចបង្រ្កាបស្ទើររាល់ថ្ងៃតែបង្រ្កាបមិនចេះអស់ ហើយទីនោះក៏ជាក្តីទុក្ខកង្វល់របស់ប្រជាពលរដ្ឋដែលមានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ។
ជាក់ស្តែងនៅវេលាម៉ោង១២:៣០ នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្រះចក បន្តស្រាវជ្រាវនៃការចរាចរណ៍គ្រឿញៀននៅទីតាំងខាងលើ ជាលទ្ធផល ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី២នាក់ និងឆែកឆែរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៩កញ្ចប់តូចនិង១កញ្ចប់ធំ លុយ១០ម៉ឺនរៀល និងសម្ភារៈមួយចំនួន។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនរួមមាន ៖ ទីឈ្មោះ១- សំ រ៉ែម ភេទស្រី អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ។ និងទី២ឈ្មោះ ព្រំ រៃ ភេទប្រុស អាយុ ២៥ឆ្នាំជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក មុខរបរមិនពិត ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា វត្ថុតាំងដែលសមត្ថកិច្ចបានដកហូតរួមមាន ក្រាមពណ័សរថ្លា (គ្រឿងញៀន) ចំនួន ១០កញ្ចប់ (ធំចំនួន០១កញ្ចប់ តូច៩កញ្ចប់។ ឧបករណ៍ប្រើប្រាស់សំរាប់សេពគ្រឿងញៀនមួយចំនួន ថង់សំរាប់ច្រកគ្រឿងញៀនធ្វើសកម្មភាព មួយចំនួន ទូរសព្ទណូគា ពណ៌ខ្មៅចំនួនមួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីធ្វើការសាកសួរកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

ចែករំលែកអត្ថបទ