Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

កូនតិរច្ឆានយកដំបងឫស្សីវាយឪពុកបង្កើតបណ្ដាលឲ្យរបួសធ្ងន់

កណ្ដាល៖ កូនប្រុសចិត្តតិរច្ឆានផឹកស្រវឹងស្រារករឿងក្នុងគ្រួសារ វាយឪពុកបង្កើតរងរបួសធ្ងន់ធ្ងរ
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះជាឪពុកមាន ឈ្មោះត្រឹក គិន ភេទប្រុស អាយុ ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា មានទីលំនៅនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
ចំណែកជនសង្ស័យជាកូនមាន ឈ្មោះ គិន សុគន្ធ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុជនសង្ស័យបានផឹកសុីស្រវឹង ហើយមកផ្ទះរបស់ខ្លួនរកកូនតែមិនឃើញ ក៏ដើរមកសួរប្រពន្ធដែលកំពុងនៅផ្ទះឪពុកក្មេក ដែលជាជនរងគ្រោះហើយបានសួរប្រពន្ធរកកូន ពេលនោះប្រពន្ធឆ្លើយថា កូនទៅជាមួយយាយបាត់ហើយ ស្រាប់តែជនសង្ស័យ ច្រឡោតខឹង ក៏យកដំបងឬស្សី ទំហ៊ំ ប៉ុនមេជើង វាយអំពូលអគ្គិសនី ដែលបំភ្លឺនៅក្រោមផ្ទះឪពុក បែកអំពូលមួយ បណ្តាលអោយ ដាច់ចរន្តអគ្គិសនី ងងឹត ភ្លាម នោះជនរងគ្រោះដើរចេញមកក្រៅបន្ទប់ ស្រាប់តែជនសង្ស័យជាកូនតិរច្ឆាន ក៏វាយមួយដំបងទៀតចំក្បាលបណ្ដាលឲ្យបែកហូរឈាមសន្លប់ស្ដូកស្ដឹង ។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍រដ្ឋបាលដើម្បីសាកសួរ ចំណែកជនរងគ្រោះ បានបញ្ជូនទៅកាន់ មណ្ឌលសុខភាពតាលន់ ដោយសភាពជម្ងឺធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តទៅកាន់មន្ទីពេទ្យឯកជន(សុខាបញ្ញា)ក្រុងតាខ្មៅ ពិនិត្យឃើញអ្នកជម្ងឺមានសភាពធ្ងន់ធ្ងរ ព្រមទាំងក្រុមគ្រួសារពុំមានលទ្ធភាពព្យាបាល ទើបសម្រេចបញ្ជូនជនរងគ្រោះត្រឡប់មកផ្ទះវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការបន្តតានីតិវិធី៕

ចែករំលែកអត្ថបទ