Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

និស្សិតឆ្នាំទី១ម្នាក់ ជិះម៉ូតូចេញពីធ្វើការ ត្រូវរថយន្តកុងទីន័របើកកៀររួចកិនស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ ៖ និស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្តឆ្នាំទី១ម្នាក់ ត្រូវរថយន្តកុងទីន័រ បើកកៀរដួលរួចកិនពីលើដើមទ្រូងនិងក្បាលបែកខ្ទេច អូសប្រហែល១០ម៉ែត្រ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតគួរឲ្យរន្ធត់។គ្រោះថ្នាក់ចរាចណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខរោងចក្រ W & D តាមបណ្តោយផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ម៉េង ឈុនលី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិតឆ្នាំទី១សាកលវិទ្យាល័យ បញ្ញាសាស្រ្ត និងធ្វើការក្រៅម៉ោងនៅកន្លែងរៀនស្នាក់នៅជាមួយពូក្នុងបុរីពិភពថ្មី ( ចំការដូង ) មានស្រុកកំណើត ភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បើតាមសម្ដី បុរសម្នាក់ដែលត្រូវជាពូរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ដោយសារតែគ្រួសារក្មួយរបស់គាត់មានជីវភាពក្រីក្រ គាត់ក៏យកមកឱ្យរស់នៅជាមួយ ដើម្បីអោយបានរៀនបន្តនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ហើយក្មួយរបស់គាត់បានឆ្លៀតធ្វើការក្រៅម៉ោងនៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្ត្រផងដែរ ។ ពេលដែលចប់ម៉ោង ទើបគេជិះម៉ូតូមកផ្ទះ ដែលនៅក្នុងបុរីពិភពថ្មីចំការដូង បែរជាមកជួបគ្រោះថ្នាក់ដល់បាត់បង់ជីវិតទៅវិញ ។
ចំណែកប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញយុវជនរងគ្រោះ ជិះម៉ូតូគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FA-9822 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនល្មមលុះមកដល់ចំណុចកើតហេតុ ស្រាប់តែមាន រថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-3667 បើកមកពីក្រោយ គៀរបណ្ដាលឲ្យដួលហើយកិនអូសជនរងគ្រោះចម្ងាយប្រហែលជាង ១០ម៉ែត្រ ស្លាប់គួរឲ្យអាណោចអធម៌។
បន្ទាប់ពីបង្កហេតុរួច អ្នកបើកបរ បានបន្ថែមល្បឿនបើករត់រហូតទៅដល់ផ្លូវ៥០ម៉ែត្រកែងនិងផ្លូវ៦០ម៉ែត្រក្នុងខណ្ឌដង្កោ ដោយមានសមត្ថកិច្ចដេញតាមក៏បានទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន មកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៏ក្រុង មកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើត ៕