សន្តិសុខ​សង្គម

នគរបាលខណ្ខដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ដែលប៉ុនប៉ង​ លួចទ្រព្យសម្បត្តិប្រជា​ពលរដ្ឋ

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង​នគរបាល​ ខណ្ឌដង្កោ​ ធ្វេីការឃាត់ខ្លួន​ បន្ទាប់ពី​ជនសង្ស័យ​ បានធ្វេីសកម្មភាព​ ប៉ុនប៉ងលួច​កាច់សោរម៉ូតូ​របស់ប្រជាពលរដ្ឋ​តែមិនបានសម្រេច​ ៖​ ហេតុការណ៍ឃាត់ខ្លួននេះបាន​​ធ្វេី​ឡេីងកាលពីថ្ងៃទី១១ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៣ និង៣០នាទី ទាបភ្លឺ ត្រង់ចំណុចផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ច​ បានឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនមាន​ឈ្មោះ នុង រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ មុខ​របរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបន្តថា​ មុននិងឈានដល់ការ​ឃាត់ខ្លួនជនសង្ស័យ​ គឺកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានជិះម៉ូតូល្បាតក្នុងមូលដ្ឋានសង្កាត់ដង្កោ លុះមកដល់ត្រង់ចំណុចផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យឈ្មោះ នុង រដ្ឋា កំពុងដើរចូលក្នុងបរិវេណផ្ទះជួលរបស់ប្រជាពលរដ្ឋ។ ដោយមានការសង្ស័យ​កម្លាំង​សមត្ថកិច្ច ក៍បានឃាត់​ខ្លួនជនសង្ស័យសួរនាំ និងឆែកឆេររកឃើញវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួន ទី១/ដែកជ្រុងសំប៉ែតចុងស្រួចស្រាប់កាច់សោរម៉ូតូចំនួន០១, ២/សោរខ្សៀលេខ៨​ចំនួន០១, ៣/កូនសោរម៉ូតូ​ចំនួន​០១ នៅក្នុងហោប៉ៅ​ ភ្លាមៗនោះសមត្ថកិច្ចក៏​បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង​ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ តាមនីតិវិធីច្បាប់ ។

សមត្ថកិច្ចបន្តទៀតថា​ ក្រោយពីធ្វើការ​សាក​សួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់​សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពប្រើដែកជ្រុងចុងសំប៉ែត ប៉ុនប៉ង​លួចកាច់សោរម៉ូតូរបស់ប្រជាពលរដ្ឋប្រាកដមែន ហើយកន្លងមកខ្លួនធ្លាប់បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានសម្រេច​ ចំនួន០៣លើករួចមកហើយ ។

បច្ចប្បន្ន​ ជនសង្ស័យរួមនិងវត្ថតាងត្រូវបាន​សមត្ថកិច្ចបញ្ជួនមកឃុំខ្លួនបណ្ដោះអាសន្ន​នៅអធិការនគរបាលខណ្ឌដង្កោ​ ដេីម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី​ច្បាប់៕