Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌដង្កោបង្ហាញមុខជនសង្ស័យ៨នាក់ករណីផ្សេងៗគ្នា

ភ្នំពេញ៖ នគរបាលខណ្ឌដង្កោ បានបង្ហាញមុខក្រុមជនសង្ស័យចំនួន៨នាក់ បន្ទាប់ពីធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបានជនសង្ស័យបានជាបន្ត បន្ទាប់ ពាក់ ព័ន្ធនឹងករណីផ្សេងៗពីគ្នាចំនួន៣រួមមាន៖ ករណីលួចដែកសរសៃ ករណីគាស់ទ្វារតូបលក់គ្រឿងអគ្គិសនី យកម៉ូតូ និងករណីមួយទៀតលួចម៉ូតូ កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០១៨ ។

ករណីទី១ លួចយកដែកថ្នាំងអំពៅ ២៧ដើមកើតឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៩និង ៣០នាទី យប់ ត្រង់ចំណុចមុខផ្ទះឈ្មោះ ពាង ជាវ័ន្ដ ជាងក្រឡឹង ស្ថិតនៅភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ។នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន៣ នាក់ ទី១ឈ្មោះ គីម ពន្លឺ ហៅហេង ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ , ទី២ឈ្មោះ ធឿន ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ, ទី៣ឈ្មោះ សំ មិនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ ។ ឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះគ្មានលេខ ស្ថិតនៅភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ។

ករណីទី២ លួចគាស់( ទ្វារតូបជួសជុលនិងលក់គ្រឿង អគ្គិសនីយកម៉ូតូ) កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២ និង ៣០នាទី ត្រង់ចំណុចតូបជួសជុលនិងលក់គ្រឿងអគ្គិសនី ផ្លូវ២១៧​ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ឃាត់ខ្លួនធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះ វ៉ាន់ឈី សុធា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិម័ល សង្កាត់ ដង្កោ ខណ្ឌដង្កោ នគរបាលឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ ឈុន រ៉ាវី ហៅ ពៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ , ទី២ឈ្មោះ មាស វុត្ថា ហៅ ទ្រី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ , ទី០៣ឈ្មោះ សាន ពិសី ហៅ ឆីង អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៤ ខែវិឆ្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចស្រះទឹកក្នុងវត្តសំបួរ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ជនសង្ស័យទាំង៣ នាក់ បានសារភាពថា ពួកគេ(ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចគាស់សោរទ្វារតូបយកម៉ូតូម៉ាកស្កូពី ស៊េរីឆ្នាំ២០១៦ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FX-8951 ខាងលើ ជិះឌុបគ្នាទាំង៣នាក់យកទៅ លក់ ម្ដុំផ្សារឃ្លាំងរំសេវ ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកបានលុយចំនួន២០០ដុល្លារ(ពីររយ ដុល្លារ អាមេរិច)នាំគ្នាផឹកស៊ីនិងទិញថ្នាំញៀនជក់អស់។

ករណីទី៣ លួចយកម៉ូតូម៉ាកMSX ពណ៌សខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DD-5730 កាលពីថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១០យប់ ត្រង់ចំណុចផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌ ដង្កោ ។ សមត្ថកិច្ច ឃាត់ជនសង្ស័យ២នាក់ ទី១ឈ្មោះ កើត ម៉ាគ្រឌី ហៅ ទូច ភេទប្រុស អាយុ៣០ឆ្នាំ ទី២ឈ្មោះ អាន សុធារ៉ា ភេទប្រុសអាយុ២៨ឆ្នាំមុខរបរ មិនពិតប្រាកដ កាលពីថ្ងៃទី០៤ ខែវិឆ្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ស្ថិតនៅភូមិម័ល សង្កាត់ ដង្កោ ខណ្ឌដង្កោ ។ ជនរងគ្រោះឈ្មោះ ហ៊ុយ ហួ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងដែក ស្នាក់នៅ បន្ទប់ជួល ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនខ្លួនមក កាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការតាមនីតិវិធី៕