Sunday, May 19, 2024
Latest:
ព័ត៌មាន​ជាតិ

សម្តេច​តេ​ជោ​សរសើរ​អ្នកកាសែត​និង​ស្ថាប័ន​សារព័ត៌មាន​ដែល​ខំ​បំពេញភារកិច្ច​នាពេល​កន្លងមក​..!

ភ្នំពេញ​៖​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​កោតសរសើរ​ដោយស្មោះ​ចំពោះ​អ្នកសារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​នាពេល​កន្លងមក​។​ទោះបី​សភាពការណ៍​នៅលើ​សកលលោក​ក៏ដូចជា​នៅ​កម្ពុជា​កំពុង​ប្រឈម​ទៅនឹង​ការរីក​រាលដាល​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ទៅក្នុង​សហគមន៍​ក្តី​។​អ្នកសារព័ត៌មាន​បាន​ខិតខំ​ពុះពារ​រាល់​ឧបសគ្គ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​និង​ជំនះ​រាល់​ការលំបាក​នានា​ដើម្បី​បំពេញការងារ​របស់ខ្លួន​យ៉ាងសកម្ម​ក្នុងការ​ផ្សព្វផ្សាយ​។​

ជាមួយ​នោះ​ចែករំលែក​ព័ត៌មាន​បាន​រហ័ស​ទាន់​ពេលវេលា​ជូន​ប្រជាពលរដ្ឋ​បានដឹង​ដើម្បី​ស្វែងយល់​អំពី​សភាពការណ៍​ពិត​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​និង​ការវិវត្ត​នៃ​សភាពការណ៍​សកលលោក​។​ជាពិសេស​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​និង​រហ័ស​ទាន់ពេលវេលា​នូវ​វិធានការ​ទាំងឡាយ​របស់​រដ្ឋាភិបាល ក៏ដូចជា​ការអប់រំ​និង​វិធានការ​សុវត្ថិភាព​នានា​របស់​ក្រសួងសុខាភិបាល​។​ដើម្បី​បង្ការ​ទប់ស្កាត់​និង​លុបបំបាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​នាពេល​កន្លងមក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ទោះបីជា​កម្ពុជា​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជា​លើកដំបូង​នៅក្នុង​សហគមន៍ ក៏​បញ្ហា​នេះ​រាជរដ្ឋាភិបាល​នៅតែ​អាច​គ្រប់គ្រង​សភាពការណ៍​បាន ។​បើ​ធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​គឺ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ​-១៩​នៅ​កម្ពុ​ជាមាន​ចំនួន​តិច​ហើយ​ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ដោយ​គ្មាន​ពលរដ្ឋ​ខ្មែរ​ឬ​ជនបរទេស​ណា​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​កម្ពុជា​ឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់ទុកថា នេះ​គឺជា​ជោគជ័យ​ដ៏​ធំធេង​ដោយមាន​ការទទួលខុសត្រូវ និង​កិច្ចសហការ​ល្អ​របស់​ស្ថាប័ន​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​បន្ទាន់​និង​ចាំបាច់​មួយចំនួន​នៃ​រាជរដ្ឋាភិបាល​ព្រមទាំង​មានការ​ចូលរួម​យ៉ាងសកម្ម​ពី​ស្ថាប័ន​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ និង​ឆ្លើយតបបាន​ទាន់ពេលវេលា​។​

​កត្តា​ទាំងនេះហើយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​លើកកម្ពស់​ភាព​ជា​ដៃគូ​មិនអាច​ខ្វះ​បាន​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ស្ថាប័ន​ព័ត៌មាន​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​និង​ការថែរក្សា​សុខសន្តិភាព​នៅ​កម្ពុជា​៕