Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋម្នាក់ប្ដឹងប្រធានតុលាការខេត្តកំពង់ធំ ទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ករណីប្រើអំណាចបំពានច្បាប់

(កំពង់ធំ)៖ ដោយសារតែទទួលរងនូវភាពអយុត្តិធម៌ នៃការអនុវត្តនីតិវិធីច្បាប់ពីសំណាក់ប្រធានសាលាដំបូងខេត្តកំពង់ធំ ទើបបុរសវ័យ៥០ឆ្នាំម្នាក់សម្រេចចិត្តដាក់ពាក្យប្ដឹងឯកឧត្តម ផូង វណ្ណ ទៅកាន់ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដើមបណ្ដឹងឈ្មោះ ហូ ថាន់ញ៉ាន បានប្ដឹងឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ ពីបទ ប្រើអំណាចបំពានច្បាប់បង្កផលវិបាកធ្ងន់ធ្ងរដល់អាយុជីវិតប្រជាពលរដ្ឋ។

បណ្ដឹងដដែល រៀបរាប់ថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅប្រពន្ធរបស់ដើមបណ្ដឹងមានឈ្មោះ ឃាង ពិសី បានដាក់ពាក្យប្ដឹងសុំលែងលះដើមបណ្ដឹងទៅកាន់សាលាដំបូងខេត្តកំពង់ធំ។ 

នៅថ្ងៃបន្ទាប់គឺថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ផូង វណ្ណ ប្រធានតុលាការខេត្តកំពង់ធំ និងជាចៅក្រមកាន់សំណុំរឿង បានចេញដីកាកោះហៅគូភាគីឱ្យចូលឆ្លើយយ៉ាងឆាប់រហ័សនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ 

ជាមួយគ្នានោះ ឯកឧត្តម ផូង វណ្ណ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏បានចេញដីកាលេខ ៨៣ “ក”/២០២២ សម្រេចរក្សាការពារលុយចំនួន ៥០៧,០០០ដុល្លារសហរដ្ឋអាមេរិកនៅក្នុងធនាគារប្រាសាក់ ដែលជាទ្រព្យដោយឡែករបស់ដើមបណ្ដឹងឈ្មោះ ហូ ថាន់ញ៉ាន យ៉ាងតក់ក្រហល់បំផុត។

 

ឈ្មោះ ហូ ថាន់ញ៉ាន បន្ថែមថា លុយចំនួន ៥០៧,០០០ដុល្លារសហរដ្ឋអាមេរិក ជាដើមទុនផ្ទាល់ខ្លួនដែលរូបគាត់បានយកមកបណ្ដាក់ទុនធ្វើជំនួញនៅក្នុងប្រទេសកម្ពុជា ដើម្បីយកកម្រៃទៅចិញ្ចឹមកូនចំនួន ៣នាក់ដែលកំពុងរស់នៅ និងសិក្សា ក្នុងប្រទេសជប៉ុន។ 

ដើមបណ្ដឹងឈ្មោះ ហូ ថាន់ញ៉ាន អះអាងទៀតថា ឯកឧត្តម ផូង វណ្ណ ប្រធានតុលាការខេត្តកំពង់ធំ ហាក់ធ្វើការយ៉ាងប្រញាប់ប្រញាល់ មិនកោះហៅ និងផ្តល់ឱកាសដល់រូបលោកចូលឆ្លើយបំភ្លឺ តតាំង និងផ្តល់នូវភស្តុតាងបញ្ជាក់ពីប្រភពទ្រព្យអ្វីទាំងអស់ ពោលគឺប្រធានតុលាការរូបនេះ សម្រេចសេចក្ដីលឿនហួសពីការស្មាន និងហាក់មិនគោរពតាមនីតិវិធីច្បាប់ឡើយ ដែលទង្វើបែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ដើមបណ្ដឹង ដែលជាគូភាគីនៃសំណុំរឿងលែងលះមួយនេះ។ 

ដើមបណ្ដឹងឈ្មោះ ហូ ថាន់ញ៉ាន បានសំណូមពរឱ្យក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចាត់វិធានការតឹងរឹងបំផុតចំពោះឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ និងបានទាមទារឱ្យប្រធានតុលាការរូបនេះសងប្រាក់ថ្លៃខូចខាតទៅតាមអត្រាការប្រាក់របស់ធនាគារលើចំនួនទឹកប្រាក់ដែលបានរក្សាការពារនោះ។

មហាជនកំពុងរងចាំមើលថា តើករណីពងមាន់ហ៊ានជល់នឹងថ្ម ដែលពលរដ្ឋទន់ខ្សោយ ហ៊ានប្ដឹងប្រធានតុលាការ នឹងវិវត្តទៅជាយ៉ាងណា? តើជនរងគ្រោះអាចនឹងទទួលបានពន្លឺយុត្តិធម៌ដែរឬទេ? ខណៈកម្ពុជាកំពុងតែអនុវត្តគោលនយោបាយកែទម្រង់ស៊ីជម្រៅក្នុងវិស័យយុត្តិធម៌៕

ចែករំលែកអត្ថបទ