សន្តិសុខ​សង្គម

អាជ្ញាធរសម្រេចបិទមន្ទីរព្យាបាល និងសម្ភពឯកជនមួយកន្លែងនៅក្រុងក្រចេះ

ខេត្តក្រចេះ៖ អាជ្ញាធរក្រុងក្រចេះកាលពីយប់ថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១បានចុះបិទមន្ទីរសម្រាកព្យាបាលនិងសម្ភព “ព្រាបស”ដែលមានទីតាំងនៅកណ្តាលក្រុងក្រចេះ បន្ទាប់ពីរកឃើញមានអ្នកវិជ្ជមានកូវីដ១៩ម្នាក់ បានមកសម្រាកនៅគ្លីនិកឯកជនមួយនេះ ។

មន្ត្រីសាលាក្រុងក្រចេះបានឱ្យដឹងថា៖ ការចុះបិទមន្ទីរសម្រាកព្យាបាលនិងសម្ភព “ព្រាបស” ឯកជនមួយនេះ ត្រូវបានរកឃើញមន្ត្រីនគរបាលម្នាក់ដែលមានវិជ្ជមានកូវីដ១៩បានមកសម្រាកព្យាបាលនៅទីតាំងនេះកាលពីវេលាយប់ចូលថ្ងៃទី២១ ខែមីនា កន្លងទៅ ។

មន្ត្រីដដែលបានបន្តថា៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ឈ្មោះ វ៉ាន់ណាក្រូ ជាមន្ត្រីនគរបាលខេត្តត្បូងឃ្មុំបាន ចូលមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យឯកជនសម្ភព “ព្រាបស”ស្ថិតក្នុងភូមិផ្សារវែង សង្កាត់/ក្រុង/ខេត្តក្រចេះ ។បច្ចុប្បន្នបុគ្គលនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម។

អាជ្ញាធរបានបញ្ជាក់ទៀតថា៖ ក្រោយពីទទួលព័ត៌មានរួចមន្ត្រីនគរបាលក្រុងក្រចេះ បានចុះស្រាវជ្រាវទើបដឹងថា៖ឈ្មោះ វ៉ាន់ណាក្រូបានចូលមកសម្រាកព្យាបាលជំងឺចាប់តាំងពីវេលាម៉ោង១យប់ចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ពិតប្រាកដមែន។

គូរបញ្ជាក់ថា៖ឈ្មោះ វ៉ាន់ ណាក្រូភេទប្រុស អាយុ ៣៤ឆ្នាំមានអាសយដ្ឋាន២កន្លែងគឺភូមិជាចជើង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និង ភូមិអូរប្ញស្សី២ ឃុំអូរប្ញស្សី ស្រុកក្រចេះខេត្តក្រចេះ។លោកជាប្រធានការិយាល័យសុខាភិបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ៕