Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ចាញ់ល្បិចចោរស្រីទម្លាក់យោងអស់គ្រឿងអល័ង្កានិងលុយជាច្រើនរត់មកប្ដឹងចៅសង្កាត់និងសមត្ថកិច្ច

ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ រត់ត្រហេបត្រហបយំស្រស្រាក់ កាន់គ្រាប់កង់មួយកូនថង់ទៅប្តឹងចៅសង្កាត់​ចោមចៅ៣ឲ្យជួយអន្តរាគមន៍ បន្ទាប់ពីរូបគាត់ចាញ់ល្បិចក្រុមទម្លាក់យោង អស់ទ្រព្យសម្បត្តិ គ្រឿងអល័ង្កា លុយកាក់ ពីខ្លួនរលីង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅលើស្ពានអាកាសថ្មើរជើង ផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌ​ពោធិសែនជ័យ គ្រាដែលគាត់ចូលផ្សារជម្ពូវ័ន រកទិញត្រីសម្រាប់ស្ល លក់នំបញ្ចុក ។

ស្រ្តីរងគ្រោះមានឈ្មោះ ចាប ឈី អាយុ៤៦ឆ្នាំ មុខរបរ លក់នំបញ្ចុក មានប្តីជាកម្មករសំណង់ ស្នាក់នៅរោងកម្មករ ក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិព្រៃជុំ ឃុំ បានៀវ ស្រុកឈូក ខេត្តកំពត ។ ស្រ្តីរងគ្រោះអះអាងថា សម្ភារៈបាត់បង់​ រួមមាន​ ខ្សែដៃមាសទម្ងន់៥ជី ចិញ្ជៀនមាស២ជី ខ្សែកប្លាទីនតម្លៃ​៥០០​ដុល្លា លុយដុល្លាចំនួន៣៥០ដុល្លា​ និងលុយខ្មែរចំនួន២០មុឺ​ន​រៀល ។

បើតាមការរៀបរាប់ របស់ស្រ្តីខាងលើនៅចំពោះមុខចៅសង្កាត់បានឲ្យដឹងថា គ្រឿងអល័ង្កា លុយកាក់ទាំងនេះ បានជាគាត់យកដាក់តាមខ្លួន ដោយសារគាត់ស្នាក់អាស្រ័យ នៅជាមួយប្តី ក្នុងរោងកម្មករសំណង់ ហើយរាល់ថ្ងៃរសៀល គាត់ឆ្លៀត រែកនំបញ្ចុកលក់ ក្នុងបុរី តាមភូមិ ផ្សំបានលុយ ទាំងប្រាក់ខែប្តី ផង សន្សំទុក ដាក់ជាប់តាមខ្លួន ។

ស្រ្តីរងគ្រោះបន្តទៀតថា មុនកើតហេតុ ខណៈដែលគាត់មកផ្សារជម្ពូវ័ន ដើររកទិញត្រីសាច់ សម្រាប់ស្ល លក់នំបញ្ចុក ត្រូវ​បានស្រ្តីសង្ស័យវ័យក្មេងម្នាក់រាងស្គម ដើរមកសួរ រឿងគេជ្រុះបាត់កាបូបលុយ មាស មិនទាន់បានទាំងតបតវិញផង ត្រូវបានស្រ្តីម្នាក់ទៀត ធាត់ មាឌធំ មកប្រាប់ថាកុំមាត់ គាត់​រើសបាន ដើរឲ្យឆ្ងាយពីគេតិចទៅគាត់លាឲ្យមើល ក៏ឃើញលោហៈក្រហមច្រាល និងលុយដុល្លាមួយដុំ ហើយជននោះក៏ទុកវិញ ដឹកដៃគាត់ដើរចេញពីផ្សារ ប្រាប់ថាយើងយក​ទៅចែកគ្នា ហើយឡើងថ្មើរជើងទៅលើស្ពានអាកាស លាតចំហរមាត់ថង់ឲ្យមើលម្តងទៀត ឃើញសុទ្ធតែគ្រឿង លោហៈ ក្រហមច្រាលភ្នែក ឃើញឱកាសស្ងាត់ ជនសង្ស័យហុចថង់ក្រហម ឲ្យកាន់លាក់ទុក នេះជាចំណែក លុយដុល្លាវិញ រងចាំដូរចែកគ្នាទៀត ហើយចាប់ដោះយកខ្សែក ខ្សែដៃ ខ្វេះយកទាំងលុយក្នុងហោប៉ាវ ខោ ប្រាប់ឲ្យរងចាំលើស្ពាន ពួកគេទៅដូរលុយក្នុងផ្សារ ចាំបាត់ៗ ដើរចុះមកក្រោមតាម មិនឃើញ នឹកខំអរ មាសមួយកញ្ចប់មិនក្រោម១០តម្លឹងទេ លួចបង្ហើបមើល ពុទ្ធោ ! សុទ្ធតែគ្រាប់កង់ ស្រែកទ្រហោយំ ហើយត្រូវបានអ្នកម៉ូតូឌុប ជួយឌុបជូនមកសាលាសង្កាត់​ចោមចៅ៣ ជួបជាមួយលោកចៅសង្កាត់ បានប្រាប់ឲ្យទៅ​ដាក់ពាក្យបណ្តឹងនៅខាងប៉ូលីសវិញ ៕

ចែករំលែកអត្ថបទ