Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

ប្រជាពលរដ្ឋប្រតិកម្ម បន្ទាប់ពីអាជ្ញាធរចេញ​ប្លង់រឹងប្រគល់ដីបឹងរាមនៅស្រុកខ្សាច់កណ្តាលជិត១០០ហិកតា ជូនឧកញ៉ា ភឿន ផល្លា និងឈ្មោះ លឹម សុជាតិ

(កណ្តាល)៖ បន្ទាប់ពីលេចឮដំណឹងថា អាជ្ញាធរមូលដ្ឋាន បានវាស់វែង និងចេញប្លង់រឹងដី​បឹងរាមទំហំជិត ១០០ហិកតា ជូនលោក ឧកញ៉ា ភឿន ផល្លា និងឈ្មោះ លឹម សុជាតិ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលជាអ្នកធ្លាប់កាន់កាប់អាស្រ័យផលដីខាងលើ បានប្រតិកម្ម និងទាមទារឲ្យអាជ្ញាធរកាត់ដីរបស់ពួកគាត់ប្រគល់ជូនពួកគាត់វិញ។

ដីបឹងរាមទំហំជិត ១០០ហិកតា ដែលអាជ្ញាធរអះអាងថា បានធ្វើប្លង់ជូនឈ្មោះ ភឿន ផល្លា និងឈ្មោះ លឹម សុជាតិ នោះមានទីតាំងស្ថិតនៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ពលរដ្ឋបានលើកឡើងថា ពួកគាត់បានកាន់កាប់ អាស្រ័យផលលើដីបឹងរាម ខ្លះចាប់តាំងពីឆ្នាំ១៩៧៩ និងខ្លះទៀតបានទិញបន្តពីអ្នកភូមិគ្នាឯង រាប់សិបឆ្នាំមកហើយ ប៉ុន្តែពេលនេះក៏​លេចឮដំណឹងថា ដីទាំងអស់នោះ គឺអាជ្ញាធរ​បានចេញប្លង់រឹង ជូនឈ្មោះ ភឿន ផល្លា និងឈ្មោះ លឹម សុជាតិ ជាម្ចាស់កម្មសិទ្ធិរួចរាល់ហើយ ដូច្នេះពួកគាត់ស្នើសុំឲ្យអាជ្ញាធរមេត្តាពិនិត្យ និងឆ្វៀលដីដែលពួកគាត់ធ្លាប់កាន់កាប់នេះចេញកុំឲ្យទៅឧកញ៉ាទាំងអស់បែប​នេះ។

ជុំវិញរឿងនេះ លោក ហ៊ែល ម៉ូដេត ប្រធានការិយាល័យភូមិបាលស្រុកខ្សាច់កណ្តាល បានប្រាប់ អ្នកសារព័ត៌មាន តាមទូរស័ព្ទថា អាជ្ញាធរពិតជាបានវាស់វែង និងចេញប្លង់រឹង ដីបឹងរាម​ទំហំប្រមាណជាង ៨០ហិកតាជូនលោក ឧកញ៉ា ភឿន ផល្លា និងឈ្មោះ លឹម សុជាតិ ប្រាកដមែន។

លោក ប្រធានការិយាល័យភូមិបាលរូបនេះ បានបន្ថែមថា «អាជ្ញាធរ បានរៀបចំវាស់វែង និងចេញប្លង់រឹងដីបឹងរាមជាង ៨០ហិកតា ជូន ឈ្មោះ ភឿន ផល្លា និងឈ្មោះ លឹម សុជាតិ ដោយសារតែពួកគាត់ មានលិខិតទិញលក់ពី​ប្រជាពលរដ្ឋម្ចាស់ដី។ ម្យ៉ាងទៀត អាជ្ញាធរ​មូលដ្ឋាន​ សម្រេចចេញប្លង់ជូនអ្នកទាំង២នាក់​នេះ ដោយគោរពតាម សេចក្តីជូនដំណឹង (ស.ជ.ណ) របស់ក្រសួងមហាផ្ទៃ និងសេចក្តីជូនដំណឹង (ស.ជ.ណ) របស់រដ្ឋបាលខេត្តកណ្តាល។ ការចុះវាស់វែង និងសម្រេចចេញ​ប្លង់រឹងដីបឹងរាមជូនលោកឧកញ៉ា ភឿន ផល្លា និងឈ្មោះ លឹម ជាតិ មានការចូលរួមពីមន្ត្រីជំនាញ ចាប់តាំងពីថ្នាក់ជាតិ ដល់ថ្នាក់​មូល​ដ្ឋានដោយមានការជូនដំណឹងដល់ពលរដ្ឋត្រឹមត្រូវតាមនីតិវិធី។»

លោក ហ៊េល ម៉ូដេត បញ្ជាក់ថា ដីបឹងរាម មានទំហំសរុបប្រមាណ ១២៥ហិកតា ប៉ុន្តែអាជ្ញាធរ បានឆ្វៀលដីទំហំ ២៥ហិកតា ទុកជា​សម្បត្តិរដ្ឋ ចំណែកដីជាង ៨០ហិកតា ធ្វើប្លង់រឹងជូនឈ្មោះ ភឿន ផល្លា និងឈ្មោះ លឹម សុជាតិ។ ចំណែកដីសេសសល់គឺទុកជា​ទីតាំង​កសាងហេដ្ឋារចនាសម្ពន្ធបឹងរាម។

បើយោងតាម សេចក្តីជូនដំណឹង (ស.ជ.ណ) របស់រដ្ឋបាលខេត្តកណ្តាល លេខ ១៧៧៣ សជណ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានសម្រេចប្រគល់ភារកិច្ចជូនប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរយោដី ខេត្ត អនុវត្តនីតិវិធីចុះបញ្ជីដីធ្លីបឹងរាម ស្ថិតនៅឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ជូនប្រជាពលរដ្ឋដែលកំពុងនឹងកាន់កាប់អាស្រ័យផលជាក់ស្តែងតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។

សេចក្តីជូនដំណឹង (ស.ជ.ណ) របស់រដ្ឋបាលខេត្តកណ្តាល បានសម្រេចដាក់ចេញ យោងតាម សេចក្តីជូនដំណឹង (ស.ជ.ណ) លេខ២៣៣៧ សជណ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ៕