Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់បន្ទាប់​ពីពួកគេ​ វាយបុរសម្នាក់​ស្លាប់រួចប្លន់យក​ទ្រព្យសម្បត្តិ


ភ្នំពេញ៖ ជនសង្ស័យមួយក្រុមធ្វើសកម្មភាព​ដេញវាយ​ ជនរងគ្រោះមួយក្រុមទៀត​បណ្ដាលឲ្យបុរសម្នាក់​ស្លាប់ភ្លាមៗនៅនឹងកន្លែងគួរឲ្យរន្ធត់​ រួចបានប្លន់យកគ្រឿង​អលង្ការរួចនាំគ្នាគេចអស់​បន្ទាប់មកសមត្ថកិច្ច​បានធ្វើការស្រាវជ្រាវ​ ចាប់បាន៣នាក់
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៤៦៥ ផ្លូវលេខ១៩៨៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ គីម ឈុនលី ភេទប្រុសអាយុ២៩ ឆ្នាំ មុខរបរអ្នកដឹកឥវាន់តាមអនឡាញ ស្នាក់នៅផ្ទះជួលភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​ មានស្រុកកំណើតភូមិព្រែកក្របៅ២ ឃុំព្រែក​អំពិល ស្រុខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ប្រពន្ធឈ្មោះ​ ជា ដាលីន អាយុ២១ ឆ្នាំមុខរបរធ្វើការរោងចក្រ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យមួយក្រុមមានគ្នាជាច្រើននាក់និងជនរងគ្រោះមានគ្នាប្រមាណ៨នាក់បានឈ្លោះប្រកែកគ្នានៅក្នុង(ក្លឹបហ្គោល ឡាញ) ដោយមិនដឹងថា​ មូលហេតុអ្វីនោះទេ បន្ទាប់មកក៍កើតជាជម្លោះ​ រវាងក្រុមជនសង្ស័យនិងក្រុមជនរងគ្រោះរួចកើតជាហិង្សាហើយបក្ខ​ពួកជនសង្ស័យបានដេញវាយបក្ខពួកជនរងគ្រោះ​ដល់កន្លែងកើតហេតុខាងលើ​បណ្ដាលឲ្យស្លាប់ម្នាក់រួចបានប្លន់យកគ្រឿង​អលង្ការនៅជាប់ខ្លួនជនរងគ្រោះអស់ពីខ្លួន។ បន្ទាប់មកបក្ខពួកជនសង្ស័យបាននាំគ្នារត់គេច​ខ្លួនបាត់ស្រមោល។
បន្ទាប់ពីមានការភ្ញាក់ផ្អើលករណីខាង​លើ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន៣នាក់យកទៅសួរនាំ។

បើតាមសម្ដីប្រពន្ធជនរងគ្រោះបាន​ប្រាប់ឲ្យ​ដឹងថា​ គ្រឿងអលង្ការដែរនៅជាប់នឹង​ខ្លួនប្ដី​របស់គាត់ដែលត្រូវជនសង្ស័យយកទៅរួម​មាន៖ ខ្សែកមាសមួយដំឡឹង-ចិញ្ចៀនផ្លាក​ទីន៥ជី-នាឡិកាដៃមួយគ្រឿង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅខាងផ្នែកជំនាញចុះមកធ្វើកោសល្យវិច្ច័យ​ សពជនរងគ្រោះមានស្នាមបែកក្បាលផ្នែកខាងក្រោយនិងសៀតផ្កាដែលជនសង្ស័យវាយនឹងដុំថ្ម​ បន្ទាប់មក​សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពជនរង​គ្រោះឲ្យសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ ចំណែកក្រុមជនសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ច​ យក​សួរនាំនិងកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋានគរបាលខណ្ឌសែនសុខចាត់ការ​បន្តតាមច្បាប់​ ។​ ដោយក្រុមបក្ខពួកជនសង្ស័យផ្សេងទៀតដែលរត់គេចខ្លួន​​សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវតាម​ចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕