សន្តិសុខ​សង្គម

បើករថយន្តបុករបាំងថ្មចែកផ្លូវ​ ក្រឡាប់ផ្ងាជើងរួចឡើងជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់

ភ្នំពេញ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងធ្លាក់​ភ្នែក​ បើករថយន្តលឿនមិនប្រយត្ន័បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ​ ក្រឡាប់ផ្ងាជើងច្រង៉ាង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២និង១០នាទី​រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០១៩ នៅចំណុចមុខស្ថានទូតវៀតណាមតាមបណ្ដោយផ្លូវព្រះមនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យ​ដឹង​ថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL-0313 បើកបរ​ដោយបុរសម្នាក់ សង្ស័យស្រវឹងស្រាជោគជាំ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមនីវង្ស​ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន​ខ្វះការប្រុងប្រយត្ន័​ លុះមកដល់ចំណុចកើត ហេតុបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ​ ពេញទំហឹង​ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងឡើងលើ អ្នកបើកបរជាប់ក្នុងកាប៊ីនរថយន្ត​ ស្រែកឲ្យគេជួយ​ ។
ប្រភពបានបន្តថា​ ភ្លាមៗនោះប្រជាពរដ្ឋដែលធ្វើដំណើរតាមផ្លូវឃើញដូច្នេះ​ ក៏វាយ​ កញ្ចក់​រថយន្ត​ បំបែករួចទាញ​ ម្ចាស់ចេញមកខាងក្រៅ​ សំណាងរងរបួសស្រាល​ ហើយក៏បានហៅរថយន្តមួយគ្រឿងទៀត​ ជិះចេញទៅ​បាត់​ដោយទុករថយន្តបង្ក​ចោល​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានមកវាស់វែងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំឲ្យម្ចាស់ចូល​ខ្លួនដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ​ ៕

ចែករំលែកអត្ថបទ