Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

ចៅក្រម​ រស់ សាម៉ឺឌី សម្រេចដោះលែងបុរសត្រូវចោទម្នាក់ដែលស្រវឹងស្រា​ វាយ​នគរបាល ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ

(ភ្នំពេញ)៖ បន្ទាប់ពីដោះលែងអ្នកទទួលទិញស្លាកលេខរថយន្តពីចោរនៅខណ្ឌទួលគោកម្នាក់រួចហើយ ឥឡូវនេះ លោក រស់ សាម៉ឺឌី ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងបុរសដែលស្រវឹងស្រា និងវាយសមត្ថកិច្ចឲ្យមានសេរីភាពវិញ ក្រោមហេតុផលដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ។

យោងតាមដីកាចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ បានសម្រេចដាក់ជនត្រូវចោទឈ្មោះ ហ៊ន ណាំហេង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរមុខរបរជាងឡាន រស់នៅផ្ទះលេខ២១E3 ភូមិ៥ ផ្លូវលេខ១៤៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការដែលធ្លាប់លែងចោរ និងប្តូរបទចោទសម្រាលទោសចោរកាលពីពេលកន្លងមក បានបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ ហ៊ន ណាំហេង ពីបទ ហិង្សាដោយចេតនា, បទ ប្រឆាំងនឹងរាជការសាធារណៈ និងបើកបរយានយន្តស្ថិតក្នុងស្ថានភាពស្រវឹង រួចបញ្ជូនខ្លួនជនត្រូវចោទទៅឲ្យលោក រស់ សាម៉ឺឌី ចាត់ការតាមច្បាប់។

ការសម្រេចដោះលែងជនត្រូវចោទ ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ ក៏មានការឯកភាពពីលោក ហ៊ឹង ប៊ុនថន ផងដែរ។

គួររម្លឹកថាថា ជនត្រូវចោទ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនពាក់ព័ន្ធបទល្មើស ប្រើហិង្សា ដោយចេតនា និងប្រឆាំង រាជការ សាធារណៈ និងបើកបរក្រោមឥទ្ធិពលនៃ ជាតិស្រវឹង កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចគោលដៅត្រួតពិនិត្យ ប ១៣ (BKC) លើផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ ក្រមួនស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បណ្តាលឱ្យសមត្ថកិច្ចរង របួសម្នាក់៕