Sunday, November 10, 2024
Latest:
ព័ត៌មាន​ជាតិ

ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី កោះហៅឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ត្រូវឲ្យចូលបំភ្លឺរឿងផ្តល់ដីជិត១ម៉ឺនហិកតាឲ្យក្រុមហ៊ុនឯកជន

មណ្ឌលគិរី)៖ លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាកោះហៅ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យចូលខ្លួនបំភ្លឺ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីឆ្លើយបំភ្លឺចំពោះករណី ផ្តល់ដី ទំហំ ៩,៧៤១ ហិកតាឲ្យទៅក្រុមហ៊ុន ផេស៊ីហ្វិកហ្គេនយ៉ញ-ស្តុកខមភេនីលីមីធីត នៅក្នុងខេត្តមណ្ឌលគិរី។

យោងតាមដីកាកោះហៅចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ បានបញ្ជាក់ថា ឯកឧត្តម ឡោ រស្មី ត្រូវចូលខ្លួនឆ្លើយបំភ្លឺលើសំណុំរឿង ព្រហ្មទណ្ឌលេខ ២១៤ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ចំពោះការផ្តល់ ការអនុញ្ញាតជំហានទី១ ចំនួន ១,០០០ ហិកតា ក្នុងអនុតំបន់ I , អនុតំបន់ II ចំនួន ២,០០០ ហិកតា , អនុតំបន់ III ចំនួន ២;០០០ ហិកតា , អនុតំបន់ IV ចំនួន ២,០០០ ហិកតា និងអនុតំបន់ V ចំនួន ២,៧៤១ ហិកតា ឲ្យទៅក្រុមហ៊ុន ផេស៊ីហ្វិកហ្គេនយ៉ញ-ស្តុកខមភេនីលីមីធីត នៅក្នុងខេត្តមណ្ឌលគិរី។

យោងតាមសេចក្តីរាយការណ៍ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការកោះហៅ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យចូលខ្លួនឆ្លើយបំភ្លឺចំពោះមុខតំណាងអយ្យការនេះ អាចផ្តើមចេញពីយុទ្ធនាការចុះបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងទឹកដីភូមិភាគ ឦសាន ដែលមានការដឹកនាំ និងបញ្ជាផ្ទាល់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនេះ ក្រៅពី ឯកឧត្តម ឡោមរស្មី ក៏មានមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ, ថៅកែក្រុមហ៊ុនទទួលដីសម្បទានសេដ្ឋកិច្ចជាជនជាតិចិន, មន្ត្រីក្រសួងមរិស្ថាន និងអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើជាង ២០នាក់ទៀត ក៏ត្រូវតំណាងអយ្យការកោះហៅឲ្យចូលខ្លួនបំភ្លឺផងដែរ ខណៈដែល ឧកញ៉ា ស៊ឹង សំអុល ថៅកែឈើប្រចាំខេត្តមណ្ឌលគិរី និងកូនចៅ ៣នាក់ទៀត រួមជាមួយមន្ត្រីជំនាញព្រៃឈើ ២នាក់ និងជនជាតិវៀតណាម ២នាក់ផង ត្រូវបានតុលាការខេត្តមណ្ឌលគិរីឃុំខ្លួនជាបណ្តោះអាសន្ន ពាក់ព័ន្ធរឿងបទល្មើសព្រៃឈើ។

ពាក់ព័ន្ធ បទល្មើសដីធ្លីនៅក្នុងមណ្ឌលគិរី កាលពីពេលថ្មីៗនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏ទើបតែចេញលិខិតដកហូតដីជិត ១,០០០ហិកតា ពីឯកឧត្តម សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ក្រោយពីសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដក ឯកឧត្តម សេង សុវណ្ណារ៉ា ចេញពីសមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តមណ្ឌលគិរី៕