Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលចាប់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន

តាកែវជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនបានពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុនក្រោយរត់គេចខ្លួនបាន៣ថ្ងៃ  ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ០៣ នារសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចវាលស្រែ ស្ថិតនៅភូមិភ្នំតូចឃុំសំភី ស្រុកបាទី ខេត្តតាកែវ។

ក្នុងប្រតិបត្តិការស្រាវជ្រាវករណីឃាតកម្ម នេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ,​ និងដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគបាលខេត្តតាកែវ។

នគរបាលបានអោយដឹងថា ជនសង្ស័យទាំង៣នាក់ រួមមាន ទី១  ឈ្មោះ ម៉ង សម្បត្តិ ភេទប្រុសអាយុ ២១ឆ្នាំ , ទី២ ឈ្មោះ ម៉ង សីហា ភេទប្រុស អាយុ ១៩ឆ្នាំ (ទាំង២នាក់ជាបងប្អូនបង្កើត) និងទី៣ ឈ្មោះ ឌឹម ប្រុស ហៅ រាជ ភេទប្រុស អាយុ ១៩ឆ្នាំ ជនសង្ស័យទាំង៣នាក់មានទីលំនៅស្ថិតនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ចំណែកជនរងគ្រោះដែលបានស្លាប់មានឈ្មោះ មាំង ខែមរៈ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទីខេត្តតាកែវ ដូចគ្នា។

គួរំលឹកផងដែរថាកាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២២និង៤០នាទី មានករណីឃាតកម្មមួយកើតទ្បើង នៅចំណុចភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ បង្កដោយជនសង្ស័យ ០៣នាក់ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខែមរៈ ភេទប្រុសអាយុ ២៧ឆ្នាំ រស់នៅកន្លែងកើតហេតុ បណ្តាលឲ្យត្រូវជាច្រើនកន្លែង និងដាច់កដៃខាងឆ្វេង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុមុខផ្ទះជនរងគ្រោះ ហើយជនសង្ស័យទាំងបីនាក់បាននាំគ្នារត់គេចខ្លួនបាត់   ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំងបីនាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខែមរៈ បណ្តាលឲ្យស្លាប់ប្រាកដមែន មូលហេតុដោយសារទំនាស់ពាក្យសំដីក្នុងពេលលេងបាល់ទះ ក៏ឌឺដងដាក់គ្នារហូតឈានដល់កាប់សម្លាប់គ្នាតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ប្រគល់ឲ្យកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំចាត់ការបន្តតាមនីតិវិធី៕

ចែករំលែកអត្ថបទ