Tuesday, September 29, 2026
Latest:
សន្តិសុខ​សង្គម

នគរបាលចាប់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន

តាកែវ​ ៖​ ជនសង្ស័យចំនួន៣នាក់ ត្រូវបាន​កម្លាំងនគរបាលចាប់ឃាត់ខ្លួន​ បានពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន​ ក្រោយរត់គេច​ខ្លួនបាន៣ថ្ងៃ​ ។  ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ០៣ នារសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុច​វាលស្រែ ស្ថិតនៅភូមិភ្នំតូចឃុំសំភី ស្រុកបាទី ខេត្តតាកែវ។

ក្នុងប្រតិបត្តិការស្រាវជ្រាវករណីឃាតកម្ម នេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ,​ និងដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ និង​ លោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគបាលខេត្តតាកែវ។

នគរបាលបានអោយដឹងថា ជនសង្ស័យទាំង៣នាក់ រួមមាន ទី១  ឈ្មោះ ម៉ង សម្បត្តិ ភេទប្រុសអាយុ ២១ឆ្នាំ , ទី២ ឈ្មោះ ម៉ង សីហា ភេទប្រុស អាយុ ១៩ឆ្នាំ (ទាំង២នាក់ជាបងប្អូនបង្កើត) និងទី៣ ឈ្មោះ ឌឹម ប្រុស ហៅ រាជ ភេទប្រុស អាយុ ១៩ឆ្នាំ ជនសង្ស័យទាំង៣នាក់មានទីលំនៅ​ស្ថិតនៅ​ភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ចំណែកជនរងគ្រោះដែល​បានស្លាប់មានឈ្មោះ មាំង ខែមរៈ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទីខេត្តតាកែវ ដូចគ្នា។

គួរំលឹកផងដែរថា​ កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២២និង៤០នាទី មាន​ករណីឃាតកម្មមួយកើតទ្បើង នៅ​ចំណុច​ភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ បង្កដោយជនសង្ស័យ ០៣នាក់ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខែមរៈ ភេទប្រុសអាយុ ២៧ឆ្នាំ រស់នៅកន្លែងកើតហេតុ បណ្តាលឲ្យត្រូវជាច្រើនកន្លែង និងដាច់កដៃខាងឆ្វេង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុមុខផ្ទះជនរង​គ្រោះ ហើយជនសង្ស័យទាំងបីនាក់បាន​នាំ​គ្នារត់គេចខ្លួនបាត់ ។  ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំងបីនាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព​យកកាំបិត​ផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខែមរៈ បណ្តាលឲ្យស្លាប់ប្រាកដមែន មូលហេតុដោយសារទំនាស់ពាក្យសំដីក្នុងពេលលេងបាល់ទះ ក៏ឌឺដង​ដាក់គ្នារហូតឈានដល់កាប់សម្លាប់គ្នាតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបាន​នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ប្រគល់ឲ្យកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំចាត់ការបន្តតាមនីតិវិធី៕

ចែករំលែកអត្ថបទ