Friday, April 26, 2024
Latest:
ព័ត៌មាន​ជាតិ

ប្ដឹងមេធាវី រស់ ស៊ីថា ទៅគណៈមេធាវីកម្ពុជា រឿងមិនអនុវត្តកាតព្វកិច្ចជូនកូនក្តី និងប្រព្រឹត្តអំពើអសីលធម៌ ផ្ទុយពីវិធានវិជ្ជាជីវៈមេធាវី

(ភ្នំពេញ)៖ ជនរងគ្រោះ និងមេធាវីរបស់ជនរងគ្រោះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ នាំគ្នាបានដាក់ពាក្យចូលគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្តឹងលោកមេធាវី រស់ ស៊ីថា អត្តលេខ ៧១៩ រឿងមិនអនុវត្តកាតព្វកិច្ចជូនកូនក្តី ដែលបណ្តាលឱ្យថ្លោះសិទ្ធិនៅក្នុងនីតិវិធីតុលាការ ជាហេតុធ្វើឱ្យបាត់បង់នូវផលប្រយោជន៍យ៉ាងធ្ងន់ធ្ងររបស់កូនក្តី និងការមាក់ងាយ ជេរប្រមាថមេធាវីដូចគ្នា ក្នុងក្របខណ្ឌវិជ្ជាជីវៈ។

ការដាក់ពាក្យបណ្តឹងទាំងពីរខាងលើនេះ បានកើតឡើងបន្ទាប់ពីមេធាវី រស់ ស៊ីថា បានទទួលការប្រគល់សិទ្ធិពីអតិថិជន ដើម្បីធ្វើជាមេធាវីតំណាងដោយអាណត្តិ នៅក្នុងនីតិវិធីតុលាការជាន់ខ្ពស់មួយ ប៉ុន្តែបន្ទាប់ពីមេធាវីរូបនេះទទួលបានការប្រគល់សិទ្ធិ និងសេវាមេធាវីពីអតិថិជនរួចមក បែរជាមិនបានបំពេញការងារស្របតាមតួនាទី និងវិជ្ជាជីវៈរបស់ខ្លួន ដោយបណ្តាលឱ្យថ្លោះសិទ្ធិ (បាត់បង់សិទ្ធិទាមទារតាមផ្លូវច្បាប់) របស់អតិថិជន ពោលគឺចាញ់ក្តីទាំងពុំបានឡើងតតាំងតាមផ្លូវតុលាការ។

ការមិនអនុវត្តកាតព្វកិច្ចខាងលើនេះ គឺជាកំហុសរបស់មេធាវីរូបនេះ ប៉ុន្តែបែរជាមេធាវី រស់ ស៊ីថា បកស្រាយប្រាប់កូនក្តីរបស់ខ្លួន ដោយធ្វើការទម្លាក់កំហុសដល់អង្គចៅក្រម នៃតុលាការជាន់ខ្ពស់ទៅវិញ និងបានព្យាយាមគេចវេះពីការទទួលខុសត្រូវចំពោះការធ្វើឱ្យខូចផលប្រយោជន៍របស់កូនក្តី ដែលកើតចេញពីការមិនអនុវត្តកាតព្វកិច្ច ក្នុងតួនាទីរបស់ខ្លួន ដែលជាមេធាវីដែលទទួលបានសិទ្ធិតំណាងដោយអាណត្តិពីកូនក្តី។

ទាក់ទងនឹងការមិនអនុវត្តកាតព្វកិច្ចក្នុងតួនាទីរបស់ខ្លួន ជាហេតុធ្វើឱ្យថ្លោះសិទ្ធិ និងខូចផលប្រយោជន៍របស់កូនក្តី ដូចនេះកូនក្តីដែលជាជនរងគ្រោះដោយសារទង្វើរបស់ លោកមេធាវី រស់ ស៊ីថា បានមកពឹងពាក់មេធាវីផ្សេងទៀត ដើម្បីធ្វើការដោះស្រាយជាមួយលោកមេធាវី រស់ ស៊ីថា ពាក់ព័ន្ធនឹងការធ្វើឱ្យខូចផលប្រយោជន៍របស់ខ្លួន នៅក្នុងនីតិវិធីនៃតុលាការជាន់ខ្ពស់។

លោកមេធាវី លី រដ្ឋធី ប្រធានក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងជាមេធាវីដែលទទួលបានការប្រគល់សិទ្ធិពីអតិថិជន (ជនរងគ្រោះ) បានធ្វើការទំនាក់ទំនងជាមួយនឹងលោកមេធាវី រស់ ស៊ីថា ក្នុងក្របខណ្ឌវិជ្ជាជីវៈមេធាវី ក្នុងការជួបពិភាក្សា និងរកដំណោះស្រាយ ប៉ុន្តែក្នុងអំឡុងពេលកិច្ចប្រជុំ ស្រាប់តែលោកមេធាវី រស់ ស៊ីថា ធ្វើសកម្មភាពប្រមាថមាក់ងាយដល់លោកមេធាវី លី រដ្ឋធី ថា «ជាមេធាវីក្មេង មិនទាន់ជ្រុះពន្លៃពីលើក្បាល» នៅក្នុងការិយាល័យ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងនៅចំពោះមុខជំនួយការមេធាវី រួមទាំងកូនក្តីដែលជាជនរងគ្រោះផងដែរ។

លើសពីនេះទៅទៀត បន្ទាប់ពីមេធាវីរូបនេះបានមាក់ងាយដោយសម្តីខាងលើនេះរួចមក មេធាវី រស់ ស៊ីថា បានផ្ញើសារជាសម្លេង តាមប្រព័ន្ធទំនាក់ទំនង តេឡេក្រាម (Telegram) ទៅកាន់សាច់ញាតិរបស់កូនក្តីខ្លួនដែលជាជនរងគ្រោះ ដោយបានជេរប្រមាថដល់វង្សត្រកូល និងឪពុកម្តាយរបស់លោកមេធាវី លី រដ្ឋធី យ៉ាងអសុរោះ អសីលធម៌ជាទីបំផុត។

អ្វីដែលសំខាន់ជាងនេះទៅទៀត តាមរយៈសារជាសម្លេងខាងលើនេះ លោកមេធាវី រស់ ស៊ីថា ក៏បានធ្វើការមាក់ងាយដល់ស្ថាប័នគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដោយពាក្យពេចន៍អសុរោះ គ្មានសីលធម៌ និងមិនសាកសមជាអ្នកប្រកបវិជ្ជាជីវៈមេធាវី ដែលត្រូវបានឱ្យតម្លៃថាជាអ្នកវិជ្ជាជីវៈថ្លៃថ្នូរ និងខ្ពង់ខ្ពស់ឡើយ។

តាមរយៈបណ្តឹងទាំងពីរខាងលើ ដែលប្តឹងប្រឆាំងនឹងមេធាវី រស់ ស៊ីថា បានបង្ហាញថា សកម្មភាពរបស់មេធាវីរូបនេះ បានប្រព្រឹត្តផ្ទុយពីវិធានវិជ្ជាជីវៈ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មេធាវីទូទៅ ដែលតែងតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងជះឥទ្ធិពលនូវភាពអវិជ្ជមានដល់កិត្យានុភាព របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន និងកំពុងខិតខំពង្រឹងពីសំណាក់សមាជិក-សមាជិកា និងថ្នាក់ដឹកនាំគណៈមេធាវីទាំងអស់។

លោក លី រដ្ឋធី បានបញ្ជាក់ឲ្យដឹងថា ជាការពិតទៅ ទង្វើរបស់មេធាវី រស់ ស៊ីថា ខាងលើ ក្រៅពីទទួលរងបណ្តឹងនៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាចនឹងត្រូវរងនូវបណ្តឹងផ្នែកព្រហ្មទណ្ឌ ចំពោះការមាក់ងាយដល់ស្ថាប័នតុលាការផងដែរ៕

ចែករំលែកអត្ថបទ