Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ម៉ូតូ២គ្រឿងបុកគ្នានៅផ្លូវជាតិលេខ៣ស្លាប់២​នាក់និងទៀតរបួសធ្ងន់

ភ្នំពេញ៖ យ៉ាងហោចណាស់បុរស២នាក់​បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់​ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​ ម៉ូតូពីរគ្រឿងបុកគ្នានៅផ្លូវជាតិ​លេខ​៣​ កាលពី​វេលាម៉ោង០៨ និង៤០នាទី​យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់​ ពងទឹក ខណ្ឌដង្កោ ។

សពជនរងគ្រោះដែលស្លាប់ទាំង២នាក់ ៖ ទី១ មានឈ្មោះ ចាន់ សុធារិទ្ធ(ហៅម៉ាប់) ភេទ​ប្រុស អាយុ២៣ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅខេត្តកំពត ជាភាគីខាងម៉ូតូZoomer X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BX-7299 ។ និងទី២ឈ្មោះ ងុយ​ ប៉ក ភេទប្រុស អាយុ២៣ឆ្នាំមានស្រុកកំណើត​នៅ​ ខេត្តតាកែវ ជាភាគីខាងម៉ូតូហុងដាឌ្រីម ០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1M-1189 និងបុរសម្នាក់ទៀតរង​របួសធ្ងន់ ត្រូវរថយន្តសាមុយដឹកយកទៅ​សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃ។

យោងតាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ២គ្រឿងធ្វើដំណើរបញ្ច្រាស់ទិសគ្នា ក្នុងល្បឿងយ៉ាង​លឿន​ ខណៈមកដល់ចំណុចកើតហេតុបាន​បុកគ្នាចំពីមុខពេញទំហឹងបណ្ដាលឲ្យបុរស​២​នាក់ស្លាប់ភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកយកទៅ​សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ​ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សា​ទុក​នៅ​ការិយាល័យចរាចរណ៍ផ្លូវគោក​ រងចាំដោះស្រាយតាមច្បាប់​ ។ ចំណែកសពជនរងគ្រោះទាំងពីរនាក់ សមត្ថកិច្ចធ្វើកំណត់ហេតុ​ប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ