Tuesday, April 30, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

អាវុធហត្ថឃាត់ខ្លួនជនជាតិចិនពាក់អាវផ្កាយ១​យកទៅសួរនាំ

ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ ដឹកនាំដោយ​លោកឧត្ដមសេនីយ៍ត្រី​ ហេង​ ប៊ុនទី​ មេបញ្ជាការអាវុធហត្ថខេត្ត​ បានចុះឃាត់ខ្លួន​បុរសជនជាតិចិន​ និងដកហូតរថយន្ត​ ស្លាកលេខ​ ខម​ នៅចំណុចហាង​ ខារ៉ាអូខេ​សៀងហៃ​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី​ ៥​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ ។​

បុរសជនជាតិចិនដែលសមត្ថកិច្ចឃាត់ខ្លួនរូបនោះមាន ឈ្មោះ ចាង ជិង សឹន ភេទ ប្រុស អាយុ ៤២ឆ្នាំ ទើប​មកពីម៉ាកាវ​ ហើយ​មានមិត្តភក្តិបើកឡានមកទទួល​ ដែល​នៅក្នុងឡាន នោះ​ មាន​ ឯកណ្ឋានកងយោធពលខេមរៈភូមិន្ទ​ មានស័ក្តិឧត្ដមសេនីយ៍ ព្យួរក្នុងឡាន​ ខ្លួនក៏យកពាក់ថតលេង​ មិននឹកស្មានថាគេបង្ហោះពេញ​ Facebook ដូច្នេះទេ​ ។​

ពេលនេះបុរសជនជាតិចិនមកពីម៉ាកាវរូបនេះកំពុងសាកសួរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ​ ដើម្បីចាត់ការបន្ត​ ។​ ដោយឡែករថយន្ត​ និង​ ម្ចាស់រថយន្តដែលជាមន្ត្រីយោធានោះ​ កំពុងត្រូវបានថ្នាក់ដឹកនាំក្នុងស្ថាប័នកងទ័ពមាន​វិធានការណ៍ហើយ​ ។

បើតាមផ្លូវច្បាប់​ បុរសចិនរូបនេះត្រូវប្រឈមមុខចំពោះបទល្មើស២មាត្រា​ គឺ​ មាត្រា​ ៦១៥​ និង​ មាត្រា​ ៦១៦​ ។​

មាត្រា​ ៦១៥​ បទប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល​ ឬ​ យោធា​ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែ​ ទៅ​ ១ឆ្នាំ​ និង​ ពិន័យជាប្រាក់ពី​ ១សែនរៀល​ ទៅ​ ២លានរៀល​ ។

មាត្រា​ ៦១៦​ បទប្រើប្រាស់នូវឯកសណ្ឋានជាអាទ៍ដែលមាន ភាពប្រហាក់ប្រហែលគ្នានឹងនគរបាល​ ឬ​ យោធា​ ត្រូវផ្ដន្ទាទោសដាក់​ពន្ធនាគារ​ពី​ ១​ ខែ​ ទៅ​ ៦​ ខែ​ និង​ពិន័យជាប្រាក់ពី​ ១​សែនរៀល​ ទៅ​ ២​លានរៀល​ អំពើប្រើប្រាស់ជាសាធារណៈដោយគ្មានសិទ្ធិនូវសំលៀកបំពាក់​ ឯកសណ្ឋាន​ អត្តសញ្ញាណប័ណ្ណ​ សញ្ញាសំគាល់​ ឬ​ យាន យន្ត​នគរបាល​ ឬ​ យោធា​ មានភាពប្រហាក់ប្រហែលគ្នានឹងសំលៀកបំពាក់​ ឯកសណ្ឋាន​ អត្តសញ្ញាណប័ណ្ណ​ សញ្ញាសំគាល់​ ឬ​ យានយន្ត​របស់នគរបាល​ ឬ​ យោធា​ ដែលអាចនាំអោយមានការភ័ន្តច្រលំ​ក្នុងស្មារតីនៃសាធារណជន​ ៕

ចែករំលែកអត្ថបទ