Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យបើកឡានបំបុកគេស្លាប់ហើយរត់គេចខ្លួនត្រូវអាវុធហត្ថរាជធានីភ្នំពេញតាមចាប់​បានហើយ

ភ្នំពេញ៖​ នៅវេលាម៉ោង៣និង០០នាទីរំលងអធ្រាតឈានចូល២៨ខែមេសាឆ្នាំ២០១៩​មាន​ករណីឃាត​កម្ម យ៉ាងតក់ស្លុតមួយ បង្កដោយជនសង្ស័យ​០១ក្រុម បើករថយន្តម៉ាក​ហាយឡែនឌ័រ​២គ្រឿង(មួយគ្រឿងពណ៌ទឹក​ប្រាក់និងមួយគ្រឿងទៀតពណ៌​ទឹកមាស​)​បាន​បើក​បំបុកជន​រងគ្រោះ០២នាក់ បណ្តាលឲ្យស្លាប់​ម្នាក់​របួសធ្ងន់ម្នាក់នៅចំណុចស្ពាន​ដែក​ ផ្លូវចំការដូង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធា​នីភ្នំពេញ។

ក្រោយពេលកើតហេតុជនសង្ស័យបានគេច​ខ្លួនដោយសុវត្ថិភាព បង្កឲ្យមហាជនមានការ​ភ្ញាក់ផ្អើល​ និង​ ភ័យស្លន់ស្លោរ​ ព្រមទាំង សម្តែង​ការខ្លោចចិត្តអាណិតអាសូជនរងគ្រោះ និងថ្កោលទោសធ្ងន់ធ្ងរ ចំពោះជន​សង្ស័យ ។

ស្រាប់តែស្ងាត់ៗរយៈពេល២សប្តាហ៍ក្រោយ​ ថ្ងៃកើតហេតុ អាវុធហត្ថរាជធានីភ្នំពេញ បាន​បង្ហើបឲ្យដឹងថា ជនសង្ស័យម្នាក់ ដែលជាជន​ដៃដល់ ត្រូវបាននាំខ្លួនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់ទៅហើយ កាលរសៀលពីថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៩។

បានលឺដំណឹងមួយនេះ ធ្វើឲ្យអ្នកដែលមាន​ចិត្តអាណិតអាសូរជនរងគ្រោះ សម្តែងការ​សាទរយ៉ាងពេញទំហឹង តែក៏ចង់ដឹងព័ត៌មាន លម្អិតផងដែរថាតើអាវុធហត្ថរាជធានី ភ្នំពេញចាប់ខ្លួនជនសង្ស័យបានដោយរបៀបណា? សូមតាមដានទាំងអស់គ្នាដូចខាងក្រោម៖

បន្ទាប់ពីកើតហេតុ ជនសង្ស័យបានគេចខ្លួន​បាត់ស្រមោលឈឹង ដោយពុំមានអ្នកស្គាល់អត្តសញ្ញាណ បន្សល់ទុកតែ ជនរងគ្រោះ០២​នាក់(ម្នាក់ស្លាប់ ម្នាក់របួសធ្ងន់) នៅនឹងកន្លែង បន្ទាប់មកសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធបាន​បើកការស៊ើបអង្កេត ជាបន្ទាន់គ្រប់ៗគ្នា។ ក្នុងនោះផងដែរ អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការ ស្រាវជ្រាវប្រមូលភស្តុតាង និងស្វែងរកអត្តសញ្ញាណ ជនសង្ស័យយ៉ាងយកចិត្តទុកដាក់ អស់រយៈពេល០២សប្តាហ៍រហូតដល់​ថ្ងៃទី១២ខែឧសភាឆ្នាំ២០១៩អាវុធហត្ថរាជធា​នីភ្នំពេញ​ បានកំណត់អត្តសញ្ញាណជន​សង្ស័យ និងឈានដល់ ធ្វើការឃាត់ខ្លួនជន​ដៃដល់ម្នាក់ឈ្មោះ រិន សេងរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនិងអាស័យដ្ឋានបច្ចុប្បន្នរស់នៅ ភូមិខ្នាយកូវ ឃុំត្នោត ស្រុកកញ្ច្រៀវ ខេត្តព្រៃវែង។

ជនសង្ស័យបានសារភាពថានៅថ្ងៃកើតហេតុ​រូបខ្លួននិងមិត្តភក្តិ០៧នាក់ផ្សេងទៀតបាន​នាំ​គ្នាផឹកស្រាបៀរ អស់០២កែស នៅផ្ទះរបស់ឈ្មោះ ថៃ រិទ្ធី រហូតដល់ម៉ោង០០និង១០យប់ ក៏នាំគ្នាទៅច្រៀងខារាអូខេ នៅឌីយ៉ាម៉ង ម្តុំស្ពានដែក ផ្លូវចំការដូង បន្តទៀត។ លុះដល់ម៉ោង ០២និង៣០យប់ ពួកគេក៏បានចេញពី​ច្រៀងវិញឡើងជិះរថយន្តរៀងៗខ្លួន ស្រាប់តែពេលនោះមានបុរស ម្នាក់ឈរនៅ​ចិញ្ចើមផ្លូវ​បាននិយាយថា(ពួកហែងស្អីគេមានឡាន ប៉ុណ្ណឹងឲ្យគេបើកទ្វារឲ្យ! អស្ចារ្យម្លេះ?)​ឭ​ដូច្នេះខ្លួន ក៏បាន ចុះពី រថយន្ត ទៅតវ៉ាជាមួយបុរសនោះ ហើយបុរសនោះក៏និយាយបន្តថា “ពួកហែងអស្ចារ្យអី? អាចុយម្រាយ!” ទន្ទឹមគ្នានោះ មិត្តភក្តិ របស់ខ្លួនឈ្មោះ រិន បូរ៉ា ក៏​ បានស្ទុះទៅវាយបុរសនោះតែម្តង ហើយ​សន្តិសុខនៅទីនោះក៏បានចូលមកឃាត់ រីឯ​បុរសនោះក៏ រត់គេច ខ្លួនបាត់។ ស្រាប់តែក្រោយមកបុរសនោះ ក៏បានត្រឡប់មកវិញដោយមានបក្ខពួក០២នាក់កាន់សុទ្ធតែដាវនិង​ដែកថ្នាំងអំពៅ មកជាមួយផងដែរ ដោយដើរ​សំដៅមករកពួកខ្លួន ហើយខ្លួនក៏បើកឡានចេញ ស្រាប់តែបុរសនោះនិងបក្ខពួកធ្វើសកម្មភាពដេញកាប់ មិត្តភក្តិខ្លួន ទើបខ្លួនបើក​រថយន្តបំបុកក្រុមបុរសនោះ បណ្តាលឲ្យដួលលើដី ហើយខ្លួនក៏ហៅបក្ខពួកឡើងរថយន្តគេចខ្លួនចេញពី កន្លែងកើតហេតុតែម្តង។ ស្រាប់តែថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ពេលខ្លួនកំពុងពុះអុសនៅផ្ទះឯស្រុកកំណើត ក្នុងខេត្តព្រៃវែងក៏ស្រាប់តែសមត្ថកិច្ចចុះមកឃាត់​ ខ្លួនដល់ផ្ទះតែម្តងទៅ ៕

ចែករំលែកអត្ថបទ