Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

ថ្ងៃក្រោយឲ្យរាង! បុរសដែលទះកំផ្លៀងស្ត្រីត្រូវបានកម្លាំង​អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបានហើយ

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់​ខ្លួន​បុរសម្នាក់ដែលបានប្រើអំពើហិង្សា ទះកំផ្លៀងស្ត្រីម្នាក់ឱ្យដួលអុកគូទនៅនឹងថ្នល់កាលពីថ្ងៃទី០៩ខែមេសាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ​ យកមកធ្វើការសាកសួរនិង​កសាងសំណុំរឿងផ្តន្ទាទោសតាមច្បាប់ហើយ ។

មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា​មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯ,ឧ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់ថា បន្ទាប់ពីកម្លាំងជំនាញ​របស់លោក បានធ្វើការកំណត់អត្តសញ្ញាណរថយន្តរបស់ជនបង្ក ដឹងថាជារថយន្តរបស់ក្រុមហ៊ុនមួយ លោកក៏បានស្នើទៅក្រុមហ៊ុនឲ្យចេញមុខទទួលខុសត្រូវ។ ជាក់ស្តែង ក្រុមហ៊ុនបានសហការជាមួយសមត្ថកិច្ចអាវុធហត្ថ ដោយនាំយកជនសង្ស័យ ទៅប្រគល់ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ។

ជនសង្ស័យមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុន កំពុងត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញសួរនាំនិងកសាងសំណុំ​រឿង​ បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

គួររំលឹកថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ បុរសម្នាក់​បានទះកំផ្លៀងនារីម្នាក់ឱ្យដួលអុកគូទទៅនឹងថ្នល់ បន្ទាប់ពី​មានជម្លោះពាក្យសម្តីនឹងគ្នាបន្តិចបន្តួច​ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់​ខ្លួនបណ្ដោះអាសន្ននៅអាវុធហត្ថ​រាជធានីភ្នំពេញដើម្បីបញ្ជួន​ទៅតុលាការចាត់ការបន្តតាមច្បាប់​ ៕

ចែករំលែកអត្ថបទ