Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះលក់ឥវ៉ាន់ជាប់ផ្សារស្ទឹងមានជ័យថ្មីបង្ក​ការភ្ញាក់ផ្អើលទាំងថ្ងៃ

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនី​ បង្កជាអគ្គីភ័យបណ្ដាលឲ្យឆាបឆេះផ្ទះលក់ឥវ៉ាន់មួយកន្លែង​ ​លេខ១៧A​ ជាប់ផ្សារស្ទឹងមានជ័យថ្មី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថុកិច្ច​កាលពី​វេលា​ម៉ោង០១និង២០នាទីរសៀលថ្ងៃទី៣០ខែមិនាឆ្នាំ២០១៩​ នៅ​តាមបណ្ដោយផ្លូវព្រះមនីរ៉េត​ ភូមិទ្រា៣សង្កាត់​ស្ទឹងមាន​ជ័យ​១ ខណ្ឌមានជ័យ​រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សុង សារ៉ស់ អាយុ៣៦ ឆ្នាំមានមុខរបរ លក់អ៉ីវ៉ាន់ មានទីលំនៅផ្ទះលេខ១៧A ភូមិទ្រា៣សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

បើតាមសម្ដីម្ចាស់ផ្ទះកើតហេតុបានប្រាប់ឲ្យដឹងថា មុនដំបូងគាត់បានឮសម្លេងផ្ទុះ ពេលនោះគាត់បានឡើងទៅមើលនៅជាន់ទីមួយក៏ឃើញមានអណ្ដាតភ្លើងឆេះចេញពីបន្ទប់ទឹកភ្លាម​នោះគាត់បានពន្លត់ដែរ ប៉ុន្ដែមិនរលត់ក៏រាលដាលដល់ឥវ៉ាន់ផ្សេងទៀតបណ្ដាលឲ្យឆាបឆេះសន្ធោសន្ធៅកាន់តែខ្លាំងឡើងៗ ទើបគាត់រាយការណ៍ទៅកម្លាំងសមត្ថកិច្ចឲ្យជួយហៅរថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកជួយអន្ដរាគមន៍​បាញ់ពន្លត់​រហូតរលត់ជាស្ថាពរ។

សមត្ថកិច្ចបានបញ្ជាក់ថា​ ហេតុការណ៍អគ្គីភ័យខាងលើ​នេះ​កម្លាំងអន្តរាគមន៍បង្កានិងពន្លត់អគ្គីភ័យប្រើប្រាស់រថយន្ត​ពន្លត់​អគ្គីភ័យចំនួន១៤គ្រឿង។ ចំណែកទ្រព្យសម្បត្តិនិងសម្ភារៈនៅ​ក្នុងផ្ទះរងការខូចខាតមួយចំនួន​ សំណាងល្អមិនមានអ្នករង​របួស​ ៕