Tuesday, May 21, 2024
Latest:
សន្តិសុខ​សង្គម

សិស្សសាលាពីរនាក់ជិះម៉ូតូឌុបគ្នាវ៉ារថយន្តកុងតឺន័រមិនផុតទាក់ចង្កូតដួលខ្ទាតចូលក្រោមរថយន្តកិនស្លាប់ម្នាក់និងម្នាក់​ទៀតរបួសស្រាល

ភ្នំពេញ៖​ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌នឹងម្នាក់ទៀតបានរងរបួសស្រាលខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាព្យាយាមវ៉ារថយន្តមិនផុតរេចង្កូតដួលខ្ទាតចូលក្រោមរថយន្ត​ កាលពីវេលាម៉ោង៤នឹង១០នាទី​ ល្ងាចថ្ងៃទី២៦​ ខែកុម្ភះ​ ឆ្នាំ​ ២០១៩​ ស្ថិតនៅតាមបណ្តោយផ្លូវ​ វិមានឈ្នះឈ្នះ​ សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ​ ។

យុវជនរងគ្រោះដែលស្លាប់មានឈ្មោះ​ ធី​ សុ​វណ្ណ​ អាយុ​ ១៨ឆ្នាំ​ ជាសិស្សវិទ្យាល័យសែនសុខ​ ស្នាក់នៅភូមិចេក​ សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ នឹងយុវជនរងរបួសមានឈ្មោះ​ ផើន​ ផាត់យុទ្ធ​ អាយុ១៧​ ឆ្នាំ​រៀនជាមួយគ្នា​ ស្នាក់​នៅ​ភូមិសែន​សុខ​ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ​ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយថា​ មុន​ពេលកើតហេតុគេឃើញយុវជនរងគ្រោះទាំង២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ​ ១២៥​ សេរី​ ២០១៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GQ-2041​ ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ​ ទិសដៅពីលិចទៅកើត​យ៉ាងលឿនហើយបានព្យាយាមវ៉ារថយន្តកុងតឺន័រខាងឆ្វេងដៃ​តែវ៉ាមិនផុតដល់ពាក់កណ្តាលរថយន្តក៏ស្រាប់តែរអិល​ដួលខ្ទាតយុវជនម្នាក់ដែលពីក្រោយចូលក្រោមរថយន្តកិនស្លាប់យ៉ាងអាណោចអាធម៌ចំណែកយុវជនម្នាក់ទៀតដែលជាអ្នកឌុបបានខ្ទាតចេញក្រៅរងរបួសស្រាល​ ឬឯរថយន្តកុងតឺន័របន្ទាប់ពីកើតហេតុបានព្យាយាមបើកគេចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង​ យកម៉ូតូទៅ​រក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំសាច់ញាតិយកឯកសារមកទទួលយកទៅវិញ​ ។ ចំណែកសពយុវជនរងគ្រោះត្រូវបាន​សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី​ ។ ដោយឡែករថយន្តកុងតឺន័រសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់រថយន្តអោយចូលមកដោះស្រាយតាមនីតិវិធីច្បាប់៕