Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ចោរឆក់២នាក់ត្រូវជាប់ខ្នោះ​ បន្ទាប់ពីឆក់កាបូប​ជនបរទេសជិះPassAppតែមិនបានសម្រេច

ភ្នំពេញ ៖ ស្ត្រី២នាក់ម្នាក់ជាជនជាតិបរទេស ម្នាក់ជនជាតិខ្មែរ បានរងរបួសធ្ងន់ បន្ទាប់ពីជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាមកធ្វើសកម្ម​ភាពឆក់កាបូប​ មិនបានសម្រេច​បណ្ដាលឲ្យក្រឡាប់រុឺម៉ក ហើយភ្លាមៗត្រូវបានកម្លាំង​នគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ​បឹង​កេងកង សហការណ៍ជាមួយកម្លាំងការិយា​ល័យព្រហ្មទណ្ឌកម្រិតស្រាលក្រសួង​មហា​ផ្ទៃឃាត់ខ្លួនបានភ្លាមៗ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី​វេលាម៉ោង០៩ និង១៥នាទីយប់ ថ្ងៃទី​៣០ ខែមករាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ​ម៉ៅសេទុង ក្នុងសង្កាត់​ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២​នាក់​ដែលធ្វើសកម្មភាពឆក់កាបូប​ ហើយត្រូវឃាត់ខ្លួន​រួមមាន៖ ទី១/ឈ្មោះ ជា ដេវិត ប្រុសអាយុ១៩​ឆ្នាំ និងទី២/ឈ្មោះ ម៉ង់ ចាប៉ង់ ប្រុសអាយុ២០​ឆ្នាំ ។ ចំណែកវត្ថុតាងចាប់យកម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីនិច ពណ៌ស ពាក់​ស្លាកលេខ​1HZ5210(ជាមធ្យោបាយជិះធ្វើសកម្មភាព)​ រីឯជនរងគ្រោះពុំទាន់ស្គាល់​ឈ្មោះនោះទេ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនកើតហេតុជនរងគ្រោះទាំង៤នាក់រួមមានកូនក្មេងម្នាក់ បានជិះម៉ូតូកង់បី(PassApp)តាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីកើតមកលិចខណៈ​មកដល់ចំណុចកើតហេតុខាងលើស្រាប់តែ​មាន ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគី និច ពណ៌ស មកអែបម៉ូតូកង់បី​ហើយក៏ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជន​ជាតិ​បរទេស តែនៅពេលនោះត្រូវបានជនរងគ្រោះចាប់ទាញមកវិញបណ្តាលឲ្យក្រឡាប់កង់បី សង្កត់ពីលើជនរងគ្រោះរង​បួសធ្ងន់២នាក់ និងស្រាល២នាក់ ហើយ​ស្របពេលនោះក៏មានកម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌក្រសួងមហាផ្ទៃនៅក្បែរ ក៏បានឃាត់ខ្លួនជនសង្ស័យបានទាំងពីរនាក់រួមទាំងមធ្យោបាយធ្វើសកម្មភាព។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅខាងការិយាល័យ​ព្រហ្មទណ្ឌកម្រិតស្រាល (នាយកដ្ឋាន)​ក្រសួងមហាផ្ទៃ ដើម្បីសាកសួរនឹងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ