Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ឆេះសកលវិទ្យាល័យខេមរៈ ជាប់មនុស្ស៤នាក់លោតចុះក្រោមរងរបួសធ្ងន់

ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស៤នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីជាប់ក្នុងអាគារដែលមានអគ្គីភ័យឆាបឆេះ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង​០១និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២២ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅចំនុច​ សកលវិទ្យាល័យខេមរៈ ស្ថិតក្នុង​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ ​មុន​ដំបូងគេឃើញមានផ្សែងហុយចេញពីអាគាសកលវិទ្យាល័យ​ ខាងលើ បន្ទាប់មកក៏បានចេញជាអណ្ដាតភ្លើងឆេះ​ សន្ធោសន្ធៅតែម្ដង ភ្លាមៗពួកគាត់ក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យ​ ចេញរថយន្តមកជួយបាញ់ពន្លត់ ។ គ្រាដែលមានហេតុការណ៍អគ្គីភ័យក៏មានមនុស្ស៤នាក់ដែលស្នាក់នៅក្នុងសាលាបានជាប់នៅខាងក្នុង ដោយម្នាក់ៗមានភាពភ័យស្លោរក៏បានលោតពីលើអាគារ​មក​ក្រោម​ បណ្ដាលឲ្យរបួសធ្ងន់៤នាក់ ត្រូវបានក្រុមការងារ​សង្គ្រោះបន្ទាន់ដឹកតាមរថយន្តសាមុយបញ្ចូនទៅមន្ទីពេទ្យភ្លាមៗ ផងដែរ​ ។ នៅក្នុងកិច្ចប្រតិបត្តការណ៍ពន្លត់អគ្គីភ័យខាងលើនេះដែរ គេឃើញមាន​ កម្លាំងសមត្ថកិច្ចមូលដ្ឋាន កម្លាំងកងរាជអាវុធហត្ថ កម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់បានជួយអន្តរាគមន៍បាញ់ពន្លត់ ដោយមានរថយន្តពន្លត់អគ្គីភ័យជាង២០គ្រឿងបានមក​ដល់ តែប្រើទឹកអស់៧ឡានតែប៉ុណ្ណោះក៏រលត់ទៅវិញជា​ស្ថាពរ ។

សមត្ថកិច្ចបានឲ្យដឹងថាករណីអគ្គីភ័យនេះបណ្ដាលមកពីការឆ្លងចរន្តអគ្គីសនី​ ទើបបង្កជាអគ្គីភ័យឆាប​ឆេះ​ចេញជាអណ្ដាត​ភ្លើងតែម្ដង​ តែទោះជាយ៉ាងណាទំហំនៃ​ការខូចខាតនៅមិនទាន់ដឹងច្បាស់នៅឡើយទេ​គ្រាន់តែដឹងថាមានមនុស្ស៤នាក់​បានរងរបួសធ្ងន់ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ៕

ចែករំលែកអត្ថបទ