Friday, December 13, 2024
Latest:
ព័ត៌មាន​ជាតិ

រដ្ឋបាលខេត្តស្វាយរៀង​ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា​ និងលើកទិសដៅការងារខែធ្នូ​ ឆ្នាំ២០១៨

ស្វាយរៀង​ ៖​ នាព្រឹកថ្ងៃចន្ទ ០៤រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមការងារយុវជន និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលនៅក្នុងខែវិច្ឆិកា កន្លងមកនេះ បានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន រួមចំណែកធ្វើឲ្យខេត្ត រក្សាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសនៅក្នុងការពារសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ ។

ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ។
២.អាជ្ញាធរក្រុង ស្រុក ត្រូវអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះជាដើម និងចុះអន្តរាគមន៍ជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ។
៣.មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ ជាពិសេសចូលរួមផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋឲ្យអញ្ជើញទៅបង់ពន្ធលើមធ្យោបាយធ្វើដំណើរឲ្យបានទាន់ពេលកំណត់ ។
៤.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹក និងឧតុនិយម ត្រូវបន្តសហការតាមដានការប្រមូលផលស្រូវរដូវវស្សា និងការបង្កបង្កើនផលស្រូវរដូវប្រាំង និងត្រូវត្រៀមអន្តរាគមន៍នៅពេលមានបញ្ហាណាមួយកើតឡើងដែលនាំឲ្យប៉ះពាល់ដល់ផលដំណាំរបស់ប្រជាពលរដ្ឋ ។
៥.មន្ទីរ-អង្គភាព កម្លាំងមានសមត្ថកិច្ច និងរដ្ឋបាលក្រុង ស្រុក ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរ៉ឹងបំផុត ។
៦.រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

សារជាថ្មីម្ដងទៀត ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់គ្រប់អង្គភាព-ពាក់ព័ន្ធ ក្រុង ស្រុក និង ឃុំ សង្កាត់ ត្រូវបន្តអប់រំ ណែនាំ និងផ្សព្វផ្សាយ កុំឲ្យប្រជាពលរដ្ឋជួលដីនៅតាមបណ្តោយព្រំដែនទៅឲ្យប្រជាពលរដ្ឋនៃប្រទេសជិតខាង និងចូលរួមថែរក្សា កាពារបង្គោលព្រំដែនដែលបានបោះរួចឲ្យបានគង់វង្សល្អប្រសើរ ៕