Wednesday, November 13, 2024
Latest:
ព័ត៌មាន​ជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានទូទាំងខេត្តកំពង់ធំប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានទូទាំងខេត្តកំពង់ធំប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ដោយមានការចូលរួមពីឯកឧត្តម ប្រាក់ សា រ៉ាត់ អភិបាលរង តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំមន្ទីរបរិស្ថាន មន្រ្តីរាជការ និងឧទ្យានុរក្សជាច្រើននាក់។
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបាន ធ្វើសេចក្តីរាយការណ៍លើលទ្ធផលទទួលបានដែលកើតមានឡើងក្នុងតំបន់ការពារធនធានធម្មជាតិ តំបន់ព្រៃឡង់ សហគមន៍មូលដ្ឋាន និងកិច្ចគាំពារបរិស្ថានក្នុងខេត្តកំពង់ធំទាំងមូល និងបញ្ហាប្រឈមនានានៅក្នុងខេត្តកំពង់ធំ។ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែង និងសហការជាមួយអាជ្ញាធរខេត្តបានល្អ របស់មន្ទីរបរិស្ថានខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការទាំងអស់ដែលបានខិតខំយកចិត្តទុកដក់ប្រឹងប្រែងធ្វើការងារអស់ពីកម្លាំងកាយចិត្តនិងទទួលបានលទ្ធផលល្អប្រសើរ ។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការបានផ្តល់អនុសាសន៍ដល់មន្ទីរត្រូវបន្តអនុវត្តនូវប្រសិទ្ធភាពដឹកនាំ សាមគ្គីភាពផ្ទៃក្នុង ត្រូវអនុវត្តតាមគោលការណ៍ធ្វើការជាសមូហភាព បុគ្គលទទួលខុសត្រូវ ដើម្បីអោយការងារទទួលបានជោគជ័យ និងសំណូមពរដល់មន្រ្តីឧទ្យានុរក្សទាំងអស់អោយមានការប្រុងប្រយ័ត្រក្នុងការងារល្បាត ត្រូវធ្វើការងារជាក្រុម និងត្រូវធ្វើការរាយការណ៍ជាបន្ទាន់ដល់ថ្នាក់ដឹកនាំដើម្បីធ្វើអន្តរាគមន៍ និងចាត់វិធានការជួយទាន់ពេល និងសូមអោយមន្រ្តីរាជការ មន្រ្តីឧទ្យានុរក្សទាំងអស់អោយបន្តខិតខំបំពេញការងារអោយកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធិផលជាពិសេសក្នុងការការពារនិងអភិរក្សធនធានធម្មជាតិក្នុងខេត្តកំពង់ធំ និងត្រូវគិតពីបញ្ហសុខភាពជាចម្បងផងដែរ។