Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងស្លាប់ម្នាក់​និង៤នាក់ទៀត​របួសធ្ងន់ស្រាល

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗគួរឲ្យរន្ធត់និង​៤នាក់ទៀតរងរបួសធ្ងន់ស្រាល ខណៈដែលជិះម៉ូតូឌុបគ្នាក្នុង​ល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូគ្រឿងទៀតកំពុងបត់ឆ្លងផ្លូវ ៖​ ហេតុការណ៍នេះបានកើតឡើងកាលពី​វេលាម៉ោង១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខ ស្ថានីយទូរទស្សន៍ CTN តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែល(ស្លាប់) មានឈ្មោះ កុយ ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបបជាងជួសជុលទូរទស្សន៍ ស្នាក់នៅម្ដុំផ្សារព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានី​ភ្នំ​ពេញ ។

បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម06 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1B-7888 ជិះឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណះ​មក​ដល់ចំណុចកើត ស្របពេលដែលម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម 018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1M-6269 ដែលកំពុងជិះឌុបគ្នា៣នាក់បត់ឆ្លងផ្លូវមិនប្រយ័ត្នផងនោះ ក៏ត្រូវម៉ូតូហុងដា០១៦ ដែលជិះគ្នា២នាក់បានមកបុក​ចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់បោកក្បាលនិងថ្នល់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងចំណែក​៣នាក់​ ទៀតបានរងរបួសធ្ងន់និងស្រាល​ ។ រីឯម៉ូតូទាំង២គ្រឿងបាន​រងការខូចខាតយ៉ាងដំណំ​ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបាន​រថយន្តសាមុយដឹកយកទៅមន្ទីពេទ្យដើម្បីជួយសង្គ្រោះ​បន្ទាន់​ ។ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ច​មូលដ្ឋានសហការជាមួយសម្ថកិច្ចជំនាញ់ធ្វើការវាស់វែងយក​ទៅរក្សាទុក​ នៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការ​នគរបាលរាជធានីភ្នំពេញ​រងចាំដោះស្រាយនៅពេលក្រោយ​ ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ