Thursday, April 25, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

អាវុធខ្លី៣៥ដើមត្រូវបានកម្លាំងសមត្ថកិច្ច ចាប់បាននៅ ព្រំដែនមាត់ច្រកទន្លេចាម

ខេត្តត្បូងឃ្មុំ៖ កម្លាំងសមត្ថកិច្ច គយ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់រថយន្តមួយគ្រឿងឆែកឆេរកឃើញអាវុធខ្លីចំនួន៣៥ដើមប្រតិបត្តការណ៍នេះបានធ្វើឡើងវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នៅតាមផ្លូវ ឆ្ពោះចូលទៅព្រំដែនប្រទសវៀតណាម មាត់ច្រក ទន្លេចាម ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ ដោយអនុវត្តតាមការណែនាំរបស់លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមានការចង្អុលបង្ហាញពីលោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើស, លោក ព្រាប គារ៉ាត ជាប្រធានតំបន់៦ បានដឹកនាំមន្រ្តីក្រោមឱវាទ ដោយមាន លោក ហ៊ិន សុវណ្ណរ៉ា និង សហការី សហការជាមួយ មន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្រ្តីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានចាប់ឃាត់ រថយន្តដឹកទំនិញចំរុះមួយគ្រឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0839 លួចបង្កប់អាវុធខ្លីចំនួន៣៥ដើម ដែលជាប្រភេទកាំភ្លើងបាញ់ឲ្យសន្លប់ ហើយអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបាន។

យោងតាមការឆ្លើយសារភាពពីមា្ចស់រថយន្ត បានឲ្យដឹងថា កាំភ្លើងទាំងនេះខ្លួនបានសាងពីរថយន្តមួយគ្រឿងផ្សេងទៀតនៅផ្សារអូរឡាំពិក រាជធានីភ្នំពេញ លាយឡំជាមួយទំនិញចំម្រុះ ដោយមិនបានដឹងថា ជាអាវុធទេ។ ម្ចាស់រថយន្ត បានបន្ថែមថា ខ្លួនដឹកចេញទៅប្រទេសវៀតណាម តាមច្រកទន្លេចាម បានចំនួន៤ជើងហើយ ក៏ត្រូវសមត្ថកិច្ចគយចាប់ឃាត់តែម្តង។

តាមបទបញ្ជារបស់អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទស និងមានការសម្របសម្រួលពីលោក ហៀង សុភក្រ្ត ព្រះរាជអាជ្ញា ខេត្តត្បូងឃ្មុំ ម្ចាស់ទំនិញ និងអ្នកបើកបរ ព្រមទាំងអាវុធខុសច្បាប់ទាំងនេះបានប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ