Wednesday, May 15, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀន
ហេតុការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី០៤ខែតុលាឆ្នាំ២០១៨នៅ ចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ស៊ា មុំ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនគឺកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានល្បាតនៅក្នុងមូលដ្ឋានទៅដល់ចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណៈកម្លាំងសមត្ថកិច្ចឃើញជនសង្ស័យកំពុងឈរលើ ផ្លូវរថភ្លើង ដោយមានការសង្ស័យក៏ធ្វើការត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៣កញ្ចប់ (០២កញ្ចប់តូច និង០១កញ្ចប់ធំ) កាន់ នៅដៃរបស់ជនសង្ស័យ ទើបកម្លាំងធ្វើការឃាត់ ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន នាំមកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចកដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញចាត់ការបន្តតាមនិតិវិធីច្បាប់ ៕