សន្តិសុខ​សង្គម

លួចបានគ្រាន់ដល់ពេលគេទាន់ក្រែល​ ! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណី​លួចគោ​ប្រជាពលរដ្ឋកាប់សាច់

ខេត្តរតគិរី ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ​ ឃាត់ខ្លួន ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ ៖​ ហេតុការណ៍ឃាត់ខ្លួន​នេះធ្វេីឡេីងកាលពីវេលាម៉ោង១៨និង​៣០​នាទី ថ្ងៃទី២៥ខែសីហា ឆ្នាំ២០២៣​ ដោយ​មានការសម្របសម្រួលនីតិវិធី​ ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង​០៥នាទី នៅចំណុចមាត់ទន្លេក្បែរការដ្ឋាន​ទី២ថ្មី (ក្រុមហ៊ុនចម្ការចេកហ័ងអញ់អណ្ដូងមាស )ស្ថិតនៅភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ​ ក្រោយពីបានទទួលសេចក្ដីរាយការណ៍តាមទូរស័ព្ទពីម្ចាស់គោ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអង្ក្រង បានចុះទៅធ្វើការស្រាវជ្រាវ រហូតកំណត់​មុខសញ្ញាបាន​ រួចប្រគល់ជូនមន្ត្រីជំនាញ ដើម្បីចុះឃាត់ខ្លួនជនសង្ស័យ​តែម្ដង​ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមាន​ឈ្មោះ កែវ ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើត​ភូមិត្រដក់ពឃុំពង្រ ស្រុកបារាយ ខេត្តកំពង់ធំ។ មានទីលំនៅបច្ចុប្បន្នភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី។

ចំណែកម្ចាស់គោរមានឈ្មោះ ញឹម សំ​ អុល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ២ ឃុំស្រែអង្រង ស្រុកកូនមុំ ខេត្តរតនគិរី។

សម្ភារបានដកហូតរួមមាន៖
១-កាំបិតតាំងតោ ចំនួន ១
២-កូនកាំបិតតូចចំនួន ០១
៣-សាច់គោ។

ក្រោយធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា​ ខ្លួនពិតជាបានធ្វើ​សកម្មភាពលួចដឹកគោយកទៅកាប់ពិត​ប្រាកដមែន។ ចំពោះអ្នកចូលរួម ធ្វើ​សកម្មភាពមានគ្នាចំនួន ២នាក់​ទៀតហើយបានរត់គេចខ្លួនបាត់ ករណីនេះសមត្ថកិច្ចកំពុងកំណត់មុខសញ្ញាតាមចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន​បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ