សន្តិសុខ​សង្គម

Wow!! បុរស​ពិការ​ ផ្តល់ដីចំការ​​តម្លៃ​ជាង​ ៤០០០​ដុល្លារ​ ឲ្យអ្នក​ស្រី​ សឿ​ សុធារ៉ា​ និង​កូនស្រី​

ភ្នំពេញ​៖​ ក្រោយ​ជួប​ព្យុះ​ភ្លៀង​រង់​ទុក្ខ​លំបាក​ជា​ច្រើន​រាប់​មិន​អស់ ស្រាប់តែ​អតីត​តារា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ អ្នក​នាង សឿ សុធា​រ៉ា និង​កូនស្រី​ បាន​ទទួល​នូវ​កាដូ​ដី​ចំការ​ដូង​មួយ​កន្លែង​ ដែរ​មាន​ទទឹង​១០ម៉ែត្រ​ បណ្ដោយ​ ៣០ម៉ែត្រ​ ពី​លោក​ ហ៊ិន​ រស់​ អគ្គនាយក​ក្រុម​ហ៊ុន​ ភូមិ​ចំការ​ដូង​រីសត​​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​ស្រែ​ក្រៅ​​ ឃុំ​ធ្លក​វៀន​ ស្រុកសាមគ្គី​មាន​ជ័យ​ ខេត្ត​កំពង់ឆ្នាំង​។

ថ្លែង​ក្នុង​ពិធី​ប្រគល់​ដី​ និង​ប្លង់​ដី​ ដល់​អ្នក​ស្រី​សឿ​ សុធារ៉ា​ និង​កូន​ស្រី​ លោក​ ហ៊ិន​ រស់​ អគ្គនាយក​ក្រុមហ៊ុន​ ភូមិ​ចំការ​ដូង​រីសត​ បាន​ឲ្យ​ដឹង​ថា​ដោយសារតែ​លោក​បាន​ឃេីញ​ក្មួយ​ស្រី​ សាពូន​ ដារ៉ា​ពិមាន​ ដែរ​ត្រូវ​ជា​កូន​ស្រី​បង្កើត​អ្នក​នាង​សឿ​ សុធារ៉ា​ ច្រៀង​ចម្រៀង​របស់​ឪពុក​ក្មួយ​ស្រី​ដែរ​មាន​ចំណងជើង​ថា​”​ពុក​អេីយ​ ម៉ែ​អើយ​”​ ខណៈ​ដែរ​ម្ដាយ​ក្មួយ​កំពុងតែ​ជួប​បញ្ហា​ធំ​ ហើយ​វាជា​សាច់​រឿងមួយ​ ​ដែរ​ប្រហាក់ប្រហែល​ នឹង​ខ្សែ​ជីវិត​លោក​កន្លង​មក​ដែរ​ធ្លាប់​ជួប​ការ​លំបាក​ឥត​គណនា​។

ម្ចាស់​ចំការ​ដូង​រីសត​ដដែល​ បាន​បន្ដថា​ការ​ផ្តល់​នូវ​ការ​ដូរ​ដីចំការ​នេះ​ ចង់​បង្ហាញ​ពី​ការ​លេីក​ទឹក​ចិត្ត​ កម្លាំង​ចិត្ត​ ដល់​បងស្រី​និង​ក្មួយ​ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ កុំ​ចុះ​ចាញ់​និង​ការ​លំបាក​ទាំង​អស់​នេះ​ លោក​បន្ថែម​ថាវាសនា​មនុស្ស​មេីល​មិន​ឃេីញទេ​ ហើយ​ក៏មិនមាន​ការ​ជោគជ័យ​ណា​ដោយ​គ្មាន​ការ​ខិតខំ​ប្រឹងប្រែង​នោះ​ដែរ​ លោក​បាន​សង្កត់​ធ្ងន់​ថា​កុំ​បាក់​ទឹកចិត្ត​ត្រូវ​តែ​ខិត​ខំ​ប្រឹងប្រែង​បន្ត​ទៀត​។

លោក​ ហ៊ិន​ រស់​ បាន​ចែក​រំលែក​នូវ​បទពិសោធន៍​ល្អ​ៗ​ ដល់​អ្នក​នាង​ សឿ​ សុធារ៉ា​ ថា​ទោះ​បី​ជា​លោក​ជាមនុស្ស​ពិការ​ពិត​មែន​ តែ​លោក​មិន​ដែរ​ចុះ​ចាញ់​និង​ព្រេង​វាសនា​នោះ​ទេ​ លោក​មុន​ឈាន​មកដល់​ចំណុច​នេះ​ លោក​បាន​លះ​បង់​គ្រប់​បែបយ៉ាង​ទាំង​ពេល​វេលា​ ទាំង​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ និង​មាន​ការ​ជ្រោមជ្រែង​ពី​ភរិយា​ ព្រម​ទាំង​ក្រុម​ការងារ​របស់​លោក​ជា​ច្រើន​នាក់​ទៀត​ ខណៈ​ដែរ​លោកស្រី​នៅ​មាន​កូន​ស្រី​ជា​ស្រលាញ់​ និង​មិត្តភ័ក្ដិ​ បងប្អូន​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ​ក៏​កំពុង​លេីក​ទឹក​ចិត្ត​ និង​ផ្តល់​កម្លាំង​ចិត្ត​ដល់​លោក​ស្រី​ដូចគ្នា​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ម្ចាស់​ចំការ​ដូង​រីសត​ រូប​នោះ​ក៏​សំណូមពរ​ដល់​សប្បុរសជន​ផ្សេង​ៗទៀត​ដែរ​មាន​ធនធាន​ និង​លទ្ធភាព​គួរ​តែ​ជួយ​គ្នា​ទៅវិញ​ទៅមក​ នៅ​ពេល​លំបាក​ក្នុង​នាម​ជា​ឈាម​ជ័រ​ខ្មែរ​តែ​មួយ​ ពិសេស​ក្មួយ​ស្រី​ សាពូន​ ដារ៉ា​ពិមាន​ ត្រូវ​ជា​កូន​ស្រី​បង្កើត​អ្នក​នាង​ សឿ​ សុធារ៉ា​ អាច​ផ្តល់​ជា​អាហារូបករណ៍​ដល់​គាត់​ ខណៈ​វ័យ​ក្មួយ​កំពុង​តែ​ត្រូវ​ការ​សិក្សា​។

ក្នុង​ពេល​ទទួល​ កូន​សោរ​ និង​ប្លង់​ដី​ចំការ​ដូង​ ពី​ម្ចាស់​ចំការ​ដូង​រីសត​​ អ្នក​នាង​សឿ សុធា​រ៉ា​ និង​កូន​ស្រី​ លេីក​ម្រាម​ដៃ​ដប់​សំពះ​ទាំង​ទឹក​ចិត្ត​ត្រេកអរ​ឥតឧបមា​ ដោយ​បាន​ពោល​ពាក្យ​ថា​ អរគុណ​បងណាស់​ បេី​ទោះ​បី​​បងជា​មនុស្ស​ពិការពិត​មែន​​តែ​ចិត្ត​បង​មិន​ពិការ​នោះ​ទេ​ បង​ជាមនុស្ស​ម្នាក់​ដែរ​គួរ​ឲ្យ​គោរព​ស្រឡាញ់​ និង​យក​គំរូ​តាម​។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២២ កន្លង​ទៅ​ថ្មី​ៗ​នេះ អ្នក​នាង​សឿ សុធា​រ៉ា បាន​ជួប​ទុក្ខ​ធំ ដោយសារ​អ្នក​ម្ដាយ​ជាទី​គោរព​ស្រលាញ់​ស្មើ​ជី​វិ​យ​បាន​ទទួលមរណភាព លាចាក​ឆ្ងាយ​គ្មាន​ថ្ងៃ​វិល​ត្រឡប់ ខណៈ​អ្នក​នាង​ក៏​មាន​កើត​ជំងឺ​សតិ​មិន​នឹងនរ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ហើយ​ជា​ប្រចាំ​ថ្ងៃ អ្នក​នាង​ក៏​ត្រូវ​លេបថ្នាំ​តាម​ការ​ណែនាំ​ជា​និច្ច​ផង​ដែរ​។ ចំណែក​រឿង​ដែល​លំបាក​បំផុត​នោះ គឺ​បច្ចុប្បន្ន​អ្នក​នាង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ជា​ខ្លាំង​ផង​ដែរ​៕

ចែករំលែកអត្ថបទ