Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចចាប់បានហើយឃាតកជាប្តីដែលសម្លាប់ប្រពន្ធក្រោយគេចខ្លួនជាង២ខែ

កំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងកាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ចាប់ឃាតកជាប្តីដែលយកកាំបិតអារ.កសម្លាប់ប្រពន្ធទាំងកណ្តាលយប់នៅស្រុកទឹកផុសបានហើយ ។សមត្ថកិច្ចចាប់ជនដៃដល់ នៅម្តុំភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោយពីបានគេចខ្លួនអស់រយៈពេលជាង២ខែមកនោះ ។

លោក ឌុច ចំរើន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា៖ឃាតកជាប្តីឈ្មោះ ម៉ី ម៉ាប់ អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ អឿន រ៉េន អាយុ៣៣ឆ្នាំ ។

លោកឌុច ចំរើន បានបន្តថា៖ជនសង្ស័យនិងជនរងគ្រោះបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធជាង១ឆ្នាំហើយ ដោយជនរងគ្រោះជាស្ត្រីមេម៉ាយមានកូន២នាក់។ក្រោយពីបានស្រឡាញ់គ្នាជាមួយជនសង្ស័យក៏មានកូនម្នាក់បន្ថែមទៀត ។មុនពេលកើតហេតុ គឺថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ប្តីប្រពន្ធទាំងពីរនាក់បានឈ្លោះគ្នានៅផ្ទះបងប្អូនខាងស្រីរងគ្រោះ ពេលនោះស្រ្តីរងគ្រោះបានគប់បុរសជាប្តីនឹងទូរស័ព្ទ។

លោកឌុច ចំរើន បានឱ្យដឹងទៀតថា៖លុះដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ពេលមកដល់ផ្ទះវិញនៅពេលយប់ជ្រៅ កូនតូចមានអាយុ១ខួបបានយំឃ្លានបៅ ហើយបុរសជាប្តីបានដាក់ទឹកដោះគោឱ្យកូនបៅ និងបាននិយាយប្រាប់ទៅកូនថា៖ចាប់ពីពេលនេះទៅប៉ាឈប់លែងបានបំបៅកូនទៀតហើយ ដោយសារម្តាយឯងមានប៉ាថ្មី ។

ស្រ្តីរងគ្រោះឮដូចនេះ ក៏ធាក់ជនសង្ស័យជាប្តីមួយជើងដួលផ្ងារក្រោយរួចស្រ្តីរងគ្រោះក៏ដេកដូចធម្មតាវិញ។ដោយសារតែខឹងនឹងស្រ្តីរងគ្រោះធាក់បុរសជាប្តីក៏ស្ទុះទៅយកកាំបិតដែលសៀតនឹងជញ្ជាំង យកទៅអារ.កស្រ្តីរងគ្រោះរហូតដល់ស្លាប់តែម្តង ។ ក្រោយពីសម្លាប់ជនរងគ្រោះរួចជនសង្ស័យបានរត់គេចខ្លួនចេញពីខេត្តកំពង់ឆ្នាំងទៅខេត្តផ្សេងទៀតដោយដេកតាមផ្ទះសំណាក់ ម្តងខេត្តនេះម្តងខេត្តនោះ។ រហូតដល់ថ្ងៃទី២៩ ខែមីនាឆ្នាំ២០២១នេះ ជនសង្ស័យបានវិលចូលមកខេត្តកំពង់ឆ្នាំងវិញ មកដេកនៅផ្ទះសំណាក់ក្នុងភូមិទួលក្រឡាញ់ សមត្ថកិច្ចដឹងក៏បានដាក់កម្លាំងចាប់តែម្តង ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ចែករំលែកអត្ថបទ