សន្តិសុខ​សង្គម

ហៅPassAppជិះពីច្បារអំពៅមកដល់កន្លែងស្ងាត់ម្ដុំក្ដាន់ពីរត្រូវម្ចាស់PassAppដកកាំបិតចុងស្រួចផ្ជុងប្លន់យកកាបូបស្ពាយបានសម្រេច

ភ្នំពេញ​ ៖​ នារីម្នាក់បានចេញពីធ្វើការរួចហៅPassAppជិះត្រលប់ទៅផ្ទះវិញ​ បែជាស៊យត្រូវម្ចាស់PassAppធ្វើសកម្មភាពដកកាំបិតចុងស្រួចផ្ជុងប្លន់យកកាបូបស្ពាយបានសម្រេច​ រួចបើកគេចបាត់ស្រមោលមិនរំខានដល់សមត្ថកិច្ច​ខណ្ឌដូនពេញ​ ។

​ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១០​ និង១០នាទីយប់ថ្ងៃអាទិត្យ​ ទី៧​ ខែកុម្ភៈ​ ឆ្នាំ២០២១​ ស្ថិតតាមបណ្ដោយផ្លូវR6​ ជិតផ្លូវរថភ្លើង​ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

​ នារីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ទាំងទឹកភ្នែកថា​ មុនពេលកើតហេតុរូបគាត់បានចេញពីធ្វើការនៅច្បារអំពៅ​ ហេីយបានហៅPassAppមកជិះគោលបំណងទៅផ្ទះម្ដាយមីនៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ​ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យជាម្ចាស់PassAppយកលេសឈប់បត់ជេីងតូច​ រួចហេីយក៏បានធ្វើសកម្មភាពដកកាំបិតចុងស្រួចមកផ្ជុងរូបគាត់គំរាមយកកាបូបស្ពាយ​ដែលមានសម្ភារៈមួយចំនួន​និងលុយចំនួន២១០$​ ហើយដេញគាត់ឲ្យចុះរួចបើកPassAppគេចខ្លួនដោយសុវត្តិភាព​មិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡេីយ​ ។

​ ក្រោយកើតហេតុទេីបសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ​ ហេីយបានដឹកជនរងគ្រោះទៅកាន់ប៉ុស្តិ៍រដ្ឋបាលស្រះចក​ ដើម្បីឲ្យនារីរងគ្រោះដាក់ពាក្យបណ្ដឹង​ និងកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់​ ៕