សន្តិសុខ​សង្គម

បង្ក្រាបសង្វៀនជល់មាន់មួយកន្លែង​នៅស្រុក​ថ្មគោល ឃាត់ខ្លួនមនុស្ស​៣​នាក់​ ដកហូតមាន់​គក​៥​ក្បាលនិង​​​ម៉ូតូ​២៣​គ្រឿង

ខេត្តបាត់ដំបង ​៖ ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​ចំនួន​០៣​នាក់ ក្នុង​ចំណោម​រាប់​សិប​នាក់ ដែល​រត់​មិន​រួច​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់ចាប់​បាន​អា​គក​ចំនួន​០៥​ក្បាល និង ប្រមូល​បាន​ម៉ូតូ​២៣​គ្រៀង ដែល​ម្ចាស់​រត់​ចោល ពេល​កម្លាំង​សមត្ថកិច្ច​​បង្ក្រាប
កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែមក​រា ឆ្នាំ២០២១ ខណៈ​ដែល​ក្រុម​អ្នក​បញ្ជល់មាន់​នេះ កំពុង​ស្រែក​ហូរ​ក​ញ្ជៀ​វ​នៅ​លើ​ទូល​កណ្ដាល​វាលស្រែ ស្ថិត​ក្នុងភូមិ​ត្រស់ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។

លោក ផង់ សុភាព អធិការ​នគរបាល​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹង​ថា កម្លាំង​របស់លោកបាន​សហការ​ជាមួយ​កម្លាំង​ប៉ុ​ស្ដ៏​មូលដ្ឋាន បាន​ចុះ​បង្ក្រាប​ទីតាំង​សង្វៀន​បញ្ជល់មាន់​នេះ​។ ប៉ុន្តែ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​អ្នកលេង​ត្រិ​ម​តែ​០៣​នាក់​ប៉ុណ្ណោះ ខណៈ​អ្នកលេង​ជា​ច្រើន​នាក់​ទៀត បាន​រត់​ប្រសាច​ពេញ​ស្រែ តែ​វ​ត្តុ​តាង​ជា​ច្រើន​ត្រូវ​បាន​រឹបអូស​។លោក​បាន​ប្រាប់​ថា អ្នកលេង​ដែល​ឃាត់ខ្លួន​ទាំង​០៣​នាក់​នោះមាន៖
១​ឈ្មោះ ស៊ុម សំ​អឿ​ន អាយុ​៥៤​ឆ្នាំ
២​ឈ្មោះ ព្រិល បុល អាយុ​៣៨​ឆ្នាំ ទាំង​២​នាក់​នេះ​នៅ​ភូមិ​ចែង​ក្ដា ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ។
៣​ឈ្មោះ ប៊ុ​ន លី អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ថ្មគោល​។

នៅ​ក្នុង​របាយ​ការ​ណ៏​របស់​សមត្ថកិច្ច ពាក់ព័ន្ធ​នឹង​វ​ត្តុ​តាង​ដែល​រឹបអូស​បាន រួម​មាន សង្វៀន​សម្រាប់​ជល់​មាន់​ចំនួន​២​ឈុត មាន់​ជល់​ចំនួន​០៥​ក្បាល ជញ្ជីង​ថ្លឹង​មាន់​ផ្គូផ្គង​ចំ​នួ​០១ ម៉ូតូ​ដែល​អ្នកលេង​រត់​ចោល​ចំនួន​២៣​គ្រឿង និង សម្ភារៈ​សម្រាប់​បំរើ​ការ​ក្នុង​សង្វៀន​មួយ​ចំនួន​ទៀត​។លោក ផង់ សុភាព បាន​ប្រាប់​ថា ក្រោយ​ឃាត់ខ្លួន មន្ត្រី​ជំនាញ​របស់​លោក​បាន​សួរនាំ និង បាន​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ហើយ​៕