Tuesday, November 5, 2024
Latest:
ព័ត៌មាន​ជាតិ

ហួសចិត្ត ! មន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្ត​តា​កែវ ម្នាក់ដេញស្ត្រីម្នាក់ចេញវិញ ប្រាប់ថាមិនទទួលពិនិត្យផ្ទៃពោះថ្ងៃសៅរ៍និងថ្ងៃអាទិត្យ នោះទេ

តាកែវ៖​ ប្ដីប្រពន្ធពីរនាក់​ ហួសចិត្ត! និងមន្ត្រី​មន្ទីរពេទ្យបង្អែក​ ខេត្តតាកែវ​ ខណៈបុរស​ជា​ប្ដីបានឌុបប្រពន្ធទៅពិនិត្យផ្ទៃពោះ​ ស្រាប់តែ​ដេញពួកគាត់​ចេញដោយ​ ពោលពាក្យមិនសមរម្យនិងគ្មានសីលធម៌ថា មិនទទួល​ពិនិត្យ ថ្ងៃសៅរឬថ្ងៃអាទិត្យនោះទេ ។​ ជារឿងហេតុ​ដ៏ហួសចិត្តមួយនេះមិនត្រឹមត្រូវតាមការណែ​នាំរបស់ក្រសួងសុខាភិបាល ឡើយ ដែល​មន្ទីរពេទ្យបង្អែកខេត្តតាកែវ ដែលជាពេទ្យរបស់រដ្ឋ បែរជា​មិនធ្វើការ ថ្ងៃសៅរ​ អាទិត្យ ឬ ថ្ងៃបុណ្យ​ទាន​ ដោយមិនមាន​ពេទ្យប្រចាំការ​ ឬ មាន​ពេទ្យប្រចាំការហើយ បែរ​ជាដេញអ្នកជំងឺ​ចេញវិញ​ ដោយពោលពាក្យមិនសមរម្យ​និងគ្មានសីលធម៌ ដូច្នេះសោះ​ ។

ស្ត្រីមានផ្ទៃពោះម្នាក់ឈ្មោះ សុខ សុភ័ក្ត អាយុ២៦ឆ្នាំបានថ្លែងប្រាប់ អ្នកសារព័ត៌មាន​យើង​ថា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០​នេះថា​ លោកស្រីនិងប្តី​ បានធ្វើដំណើរទៅ​កាន់មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ដើម្បីពិនិត្យផ្ទៃពោះ ។ ប៉ុន្តែ គ្រាន់តែទៅដល់មុខ​សម្ភពពិនិត្យពោះភ្លាម បុរសម្នាក់ជាពេទ្យនៅ​ទីនោះបាន ប្រាប់ថា ទើប​តែ​ដេញស្ត្រីម្នាក់ចេញ ឥឡូវមក​ម្នាក់​ទៀត និង បាន​រួចនិយាយថា ពេទ្យមិនទទួល​ពិនិត្យថ្ងៃសៅរ៍ ទេ ។
ខណៈដែលស្ត្រីរូបនោះមានប័ណ្ណ “បសស” ផងនោះ គ្រាន់តែឮពាក្យសម្តីអសីលធម៌និងគ្មានក្រមវិជ្ជាជីវៈជាពេទ្យបែបនេះ លោកស្រីនិងប្តី ក៏បានចាកចេញពីពេទ្យវិញ តែម្តង និង សម្តែងការ​ហួសចិត្តយ៉ាងខ្លាំង ។ ទន្ទឹមនេះ លោកស្រី ក៏​បានសំណូមដល់លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល មេត្តាពិនិត្យឥរិយាបថនិងក្រម​សីលធម៌ មន្ត្រី​ បុគ្គលិកនៃ​មន្ទីរ​ពេទ្យបង្អែកខេត្តតាកែវ ផង ។

ជុំវិញនិងការលើកឡើងនេះ លោក ឆូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ ថ្លែង​ប្រាប់ អ្នកសារព័ត៌មានថា ការពិនិត្យផ្ទៃពោះ គឺ មិនគិតថា​ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ​ ឈប់​ ឬ​ថ្ងៃ​បុណ្យទានអ្វីនោះទេ ពោលគឺ មន្ទីរពេទ្យតែង​តែមាន​ពេទ្យប្រចាំការជានិច្ច ។

ទោះបីយ៉ាងណា លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ នឹងសួរនាំករណីនេះអោយបានច្បាស់ទៅកាន់មន្ត្រីរបស់ខ្លួន ។

សូមបញ្ជាក់ថា កន្លងមក មន្ទីរពេទ្យបង្អែកខេត្តតាកែវ ក៏ធ្លាប់មានបញ្ហាផងដែរ ជុំវិញការមិនយកចិត្តទុកដាក់លើអ្នកជំងឺ ។ ប៉ុន្តែខាងមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានចេញលិខិតបដិសេធ ៕