ពិតជាទុក្ខជាន់ទុក្ខមែន! បុរសម្នាក់ត្រូវរថយន្តមិនចាំម៉ាកបុកស្លាប់យ៉ាងអាណោចអធម៌​ ហើយជនឈ្លៀតឪកាស លួចយកម៉ូតូទៅ​បាត់ថែមទៀត!

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់គួរឲ្យអាណោចអធម៌​ ខណៈជិះម៉ូតូសុខៗត្រូវរថយន្តមិនចាំម៉ាកមកបុកពីក្រោយអូសជាច្រើនម៉ែត្រហើយរថយន្តបង្កបើករត់គេចបាត់ស្រមោល មិនតែប៉ុណ្ណោះក៏មានជនឈ្លៀតឪកាសមក​លួចយកម៉ូតូទៅបាត់ទៀត។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍នេះកើត​នៅវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែ​កញ្ញា ឆ្នាំ២០២០​ នៅត្រង់ចំណុចខាងត្បូងស្ពានច្បារអំពៅប្រមាណ២០០ម៉ែត្រ។ស្ថិតតាមបណ្ដោយផ្លូវ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ កែវ ពុធ ភេទ​ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិតាង៉ូវ​សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដោយជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ស្លែរ ពាក់ផ្លាកលេខ ភ្នំពេញ4646មិនចាំអក្សរនៅពីមុខត្រូវបានចោរលួចបាត់។

តាមប្រភពពីសាច់ញាតិបានឲ្យដឹងថាមុន​ពេលកើតហេតុជនរងគ្រោះខាងលើជិះម៉ូតូគុបជ្រុងធ្វើដំណើរតាមបណ្តោយផ្លូវ៣៦៩​ក្នុងទិសដៅពីត្បូងទៅជើង គោលបំណង​ទៅលេងផ្ទះបងប្អូន នៅកោះនរារ៏ ខណះ​មក​ដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកមកស្របគ្នាមកពី​ក្រោយក្នុងល្បឿនយ៉ាងលឿនបានបុករួចអូសជាច្រើនម៉ែត្របណ្ដាលជនរងគ្រោះស្លាប់គួរឲ្យអណោចអធម៌​ ហើយរថយន្តបង្កព្យាយាមបន្ថែមល្បឿនបើកគេច បាត់​ស្រមោល​ ។ តែអ្វីដែលគួរអោយហួសចិត្តគឺ​ជនរងគ្រោះស្លាប់ហើយស្រាប់តែមានជនឈ្លៀតឳកាសលួចយកម៉ូតូគាត់យកទៅបាត់ ថែមទៀត។

ក្រោយមកសមត្ថកិច្ចបានចុះមកទីតាំងកន្លែងកើតហេតុធ្វើកំណត់ហេតុរួចប្រគល់សពឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី​នៅវត្តឬស្សីស្រស់៕

ចែករំលែកអត្ថបទ