Tuesday, October 27, 2026
Latest:
សន្តិសុខ​សង្គម

ក្រុមចោរវាយប្លន់ស្ត្រីម្នាក់យកលុយអស់ជាងមួយលានរៀលនិងទូរសព្ទ័មួយគ្រឿងនៅខណ្ឌច្បារអំពៅ​ នគរបាលបានត្រឹមតែទៅនាំ​ជនរងគ្រោះមកដាក់ពាក្យបណ្ដឹង

ភ្នំពេញ ៖​ ស្ត្រីអ្នកលក់បន្លែម្នាក់ត្រូវក្រុមចោរធ្វើសកម្មភាពវាយប្លន់បានសម្រេចយកលុយអស់មួយលាន​បីសែនរៀល​ (១៣០០០០០រៀល)​ រួចនាំគ្នាជិះម៉ូតូគេចខ្លួន​បាត់ស្រមោល​ ​មិនរំខានដល់សមត្ថកិច្ច​

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង០៤និង៣០នាទីទាបភ្លឺថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២០ នៅចំណុចស្ពានថ្មតាមបណ្តោយផ្លូវបេតុង ភូមិកោះនរាសង្កាត់ និរោធ ខណ្ឌ​ច្បាអំពៅរាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ហន ហៀង អាយុ​៣៣ឆ្នាំ មុខរបរលក់បន្លែ ជិះម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1DD-3264​ ។

ចំណែកឯម៉ូតូ ក្រុមជនសង្ស័យដែលបន្សល់​ទុកនៅកន្លែងកើតហេតុម៉ាកsuzuki លែកពណ៌ទឹកប្រាក់លាយទឹកមាស ពាក់ស្លាក​លេខ បាត់ដំបង1A-4678 ។

យោងតាមសម្ដី​ ស្ត្រីរងគ្រោះបានរៀបរាប់​ប្រាប់ឲ្យដឹងថា មុនដំបូងរូបគាត់បានជិះម៉ូតូចេញពីផ្ទះក្នុងគោបំណងទៅទិញបន្លែនៅផ្សារច្បារអំពៅ យកមកលក់ដោយដាក់លុយក្នុងកាបូបចំនួន១លាន៣សែនរៀល​(១៣០០០០០) និងទូរស័ព្ទដៃមួយគ្រឿងម៉ាក​សាមសុង​ ដោយជិះម៉ូតូតាមបណ្តោយផ្លូវបេតុង (កោះនរា) ទឹសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏​ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមបាន​ជិះម៉ូតូមកកៀកគាត់រួចយកមួកសុវត្ថិភាពវ៉ៃមកលើគាត់។

ស្ត្រីរងគ្រោះបានបន្តទៀតថា​ ភ្លាមៗរូបគាត់​បានស្រែកឆោឡោថា​ ចោរៗ ពេលនោះជនសង្ស័យម្នាក់បានទាញកាបូប របស់គាត់ ដែលគាត់ដាក់ទាក់នៅនិងកម៉ូតូបណ្ដាលឱ្យដួលរងរបួសរលាត់ដៃជើង ព្រមទាំងដួលម៉ូតូរបស់ជនសង្ស័យផងដែរ​ ហើយគាត់ក៏ស្រែកខ្លាំងឡើងៗថាចោរៗថែមទៀត​ ហើយជន​សង្ស័យក៏បាន វាយគាត់និងមួកសុវត្ថិភាព​បន្ថែ ទៀត ខណៈពេលនោះក៏មាន​ប្រជាពល​រដ្ឋបានចេញមកព្រោងព្រាត ឃើញដូច្នោះជនសង្ស័យភ័យពេកបានរត់ឡើងជិះម៉ូតូបក្ខ​ពួករបស់គេ​ ព្រមទាំងយកកាបូបលុយរបស់គាត់ទៅជាមួយផងដែរ​ គេចខ្លួនបាត់ដោយ​សុវត្ថិភាព​ ដោយបន្សល់ទុកម៉ូតូមួយគ្រឿង និងមួកសុវត្ថិភាពចំនួន៣​នៅ​កន្លែងកើត​ហេតុ។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះឈរ​ស្រឡាំងកាំងសោកស្ដាយទ្រព្យសម្បត្តិនិងទ្រោម​ខ្លួនព្រោះក្រុមចោរវាយ​ ឯកម្លាំងសមត្ថកិច្ច​បានត្រឹមតែមកយកម៉ូតូជនសង្ស័យនឹងឱ្យជនរងគ្រោះទៅ​ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល​ និរោធ​ តែប៉ុណ្ណោះ​ ៕

ចែករំលែកអត្ថបទ