Thursday, April 25, 2024
Latest:
ព័ត៌មាន​ជាតិ

លោកស្រិី នួន ចន្ទ័មករា សន្យាដោះស្រាយជូនប្រជាពលរដ្ឋ ៣៨គ្រួសារ ដែលបានទិញដីពីលោកស្រីទំហំ ៧៧៩.២៨ហិកតា នៅថ្ងៃស្អែក

(កំពង់ស្ពឺ)៖ តំណាងប្រជាពលរដ្ឋ បានឲ្យដឹងថា លោកស្រី នួន ចន្ទ័មករា សន្យាដោះស្រាយបញ្ហាដីធ្លីទំហំ ៧៧៩.២៨ហិកតា ស្ថិតនៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជូនពួកគាត់នៅវេលាម៉ោង ១រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ស្អែកនេះ។

ប្រជាពលរដ្ឋ បន្តថា លោកស្រី នួន ចន្ទ័មករា បានណាត់ពួកគាត់ទាំង ៣៨គ្រួសារ ទៅដោះស្រាយបញ្ហាដីធ្លីនេះ នៅសាលាឃុំដំបូករូង។

ប្រភពដដែល បានបញ្ជាក់ថា ការសន្យាដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋរបស់លោកស្រី នួន ចន្ទ័មករា បានធ្វើឡើងបន្ទាប់ពី តំណាងរបស់លោកស្រី នួន ចន្ទ័មករា បានជួប សម្របសម្រួលជាមួយតំណាងប្រជាពលរដ្ឋចំនួន ៣៨គ្រួសារ លើកទី១ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។

សូមជម្រាបថា លោក Rainer Marin Wollny និងលោកស្រី នួន ច័ន្ទមករា បានយល់ព្រមបញ្ចប់ការប្ដឹងគ្នានៅក្រៅប្រព័ន្ធតុលាការ និងទទួលយកការដោះស្រាយ ដោយចែកដីទំហំ ១,១០០ហិកតា ជាពីចំណែកស្មើៗគ្នា (ម្នាក់ៗ ទទួលបាន ៥៥០ហិកតា) ព្រមទាំងទទួលយកប្លង់ដី ដោយសន្តិវិធី និងដោះស្រាយបំណុលរួមគ្នារវាងភាគី លោក Rainer Marin Wollny និងលោកស្រី នួន ច័ន្ទមករា ក្រោមក្រោមអធិបតីរបស់លោក ដួង តារា អនុរដ្ឋលេខាធិការនៅទីស្តីការ គណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងវត្តមានមន្រ្តី និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ប្រជាពលរដ្ឋទាំង ៣៨គ្រួសារ បានទិញដីទំហំ ៧៧៩.២៨ហិកតា ពីឈ្មោះ នួន ច័ន្ទមករា ដែលជាតំណាងស្របច្បាប់របស់ក្រុមហ៊ុន ដែលតា ដាប់បលយូ ត្រេឌីង ខូអិលធីឌី (DETA W TRADING Co.,Ltd) ដោយមាន អាជ្ញាធរភូមិ ឃុំ និងស្រុក បានទទួលស្គាល់ក្នុងការផ្ទេរសិទ្ធិកាន់កាប់ដីធ្លី។

ប៉ុន្តែនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ឈ្មោះ រ៉ៃន័រ ម៉ារា វ៉ូលនី (Rainer Maria Wollny) ជនជាតិអាឡឺម៉ង់ ជាប្រធានក្រុមហ៊ុន ដែលតា ដាប់បលយូ ត្រេឌីង ខូអិលធីឌី (DETA W TRADING Co.,Ltd) ជាអតីតប្តីរបស់ឈ្មោះ នួន ច័ន្ទមករា បានប្តឹងសុំរក្សាការពារបណ្តោះអាសន្ន និងប្ដឹងទាមទារដីទាំងអស់នោះពីប្រជាពលរដ្ឋវិញ។

ជាមួយគ្នានោះ ឈ្មោះ រ៉ៃន័រ ម៉ារា វ៉ូលនី (Rainer Maria Wollny) ជនជាតិអាឡឺម៉ង់ ជាប្រធានក្រុមហ៊ុន ដែលតា ដាប់បលយូ ត្រេឌីង ខូអិលធីឌី (DETA W TRADING Co.,Ltd) ក៏បានប្ដឹងប្រពន្ធឈ្មោះ នួន ច័ន្ទមករា ថាបានក្លែងឯកសារ និងលួចដីយកទៅលក់ឲ្យប្រជាជនថែមទៀតផង។

ដែលករណីជម្លោះរវាងប្តី និងប្រពន្ធខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋចំនួន ៣៨គ្រួសារ បានក្លាយជាជនរងគ្រោះ រហូតមកដល់ពេលនេះ។

ក្រោមកិច្ចសម្របសម្រួលរបស់អាជ្ញាធរ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ភាគី Rainer Marin Wollny និងលោកស្រី នួន ច័ន្ទមករា បានសុខចិត្តបញ្ចប់រឿងជាមួយគ្នា ដោយយកដីទំហំ ១,១០០ហិកតា ដែលមានជម្លោះចែកគ្នាជាពីរ។

នៅចំពោះមុខអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងពិធីប្រគល់ប្លង់ដី នៅក្នុងសាលាប្រជុំសាលាខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅ លោកស្រី នួន ច័ន្ទមករា បានអះអាងថា៖ «នាងខ្ញុំ មិនគេចវេសទៅណាទេ ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយវិវាទជាមួយប្រជាពលរដ្ឋចំនួន ៣៨គ្រួសារនោះ ទោះពួកគាត់ចង់បានជាដីក៏បាន ឬចង់បានជាលុយក៏បាន។ ករណីនេះមិនពាក់ព័ន្ធនឹងអ្នកដទៃទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំង ៣៨គ្រួសារទាក់ទងមកនាងខ្ញុំ ផ្ទាល់ដើម្បីបញ្ចប់បញ្ហានេះ។»

ប្រជាពលរដ្ឋទាំង ៣៨គ្រួសារ សង្ឃឹមថា ភាគីលោកស្រី នួន ច័ន្ទមករា និងអាជ្ញាធរមូលដ្ឋាន នឹងដោះស្រាយបញ្ហាដីធ្លីនេះជូនពួកគាត់ប្រកបដោយតម្លាភាព និងយុត្តិធម៌បំផុត ដោយមិនទុកឲ្យពួកគាត់ក្លាយជាជនរងគ្រោះបន្តទៀតនោះទេ ។

ប្រជាពលរដ្ឋនឹងរង់ចាំមើលថា តើការដោះស្រាយរបស់ លោកស្រី នួន ច័ន្ទមករា ត្រូវដោះស្រាយយ៉ាងដូចម្តេច ព្រោះដីមានតែ ៥៥០ហិកតា តែបានលក់ទៅឲ្យប្រជាជនរហូតដល់ ៧៧៩.២៨ហិកតា?

គោលជំហររបស់ប្រជាជន គឺត្រូវទាមទារដីដែលបានទិញដោយស្របច្បាប់សរុបចំនួន ៧៧៩.២៨ហិកតាមកវិញ តាមរយៈការគាំទ្រនូវយុទ្ធសាស្រ្តឈ្នះ ឈ្នះ របស់សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ការឈ្នះបែបនេះមានន័យថារាស្រ្តទទួលបានយុត្តិធម៌សង្គម និងគ្មានទឹកភ្នែក៕

ចែករំលែកអត្ថបទ