Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិ

អភិបាលខេត្តព្រៃវែង ចុះចែកអំណោយ និងស្វែងរកទីទួលសុវត្ថិភាពជូនពលរដ្ឋ ចំនួន​ ៥ពាន់​គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់

ព្រៃវែង៖ ទឹកជំនន់នៅខេត្តព្រៃវែង បានប៉ះ​ពាល់ដល់ស្រុក-ក្រុងចំនួន៨ ក្នុងចំណោម​១៣ស្រុក-ក្រុង នៃខេត្តព្រៃវែង រួមមាន៖ ស្រុកស៊ីធរកណ្តាល ស្រុកពារាំង ស្រុកពោធិ៍រៀង ស្រុកពាមរក៍ ស្រុកស្វាយអន្ទរ ស្រុកកំពង់ត្របែក ស្រុកពាមជរ ស្រុកព្រះស្តេច ខណៈអាជ្ញាធរ បានចេញប្រតិបត្តិការចែកអំណោយសង្គ្រោះបន្ទាន់ ព្រមទាំងស្វែងរកកន្លែងមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសត្វពាហនៈ។

លោក ឌុច គង្គា អភិបាលរងខេត្តព្រៃវែង បាន​ថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ២០១៩នេះថា គ្រោះទឹកជំនន់នៅខេត្តព្រៃវែង បានប៉ះពាល់ដល់គ្រួសារដែលរងគ្រោះ មានចំនួន ៤,៩៩១គ្រួសារ និងគ្រួសារដែលត្រូវជម្លៀសមាន២២គ្រួសារ។

អភិបាលរងខេត្ត បានបញ្ជាក់ទៀតថាគ្រួសារ​ ខ្វះស្បៀងមានចំនួន៤៥៥គ្រួសារនិងគ្រួសារ​មានជម្ងឺ ៥គ្រួសារ ផ្ទះដែលរងផល​ប៉ះពាល់ចំនួន៣,៣២៧ខ្នង និងប៉ះពាល់ដល់ស្រូវ​ រដូវវស្សាចំនួន១១,៣៥៥ហិកតានិងខូចខាត​២៥៨​ហិកតា ប៉ះពាល់ផ្លូវកៅស៊ូប្រវែង១០០ម៉ែត្រ និងមានភូមិចំនួន ៣១៨រងផលប៉ះពាល់លិចផ្លូវ ដោយសារទឹកជំនន់ព្រមទាំង ផ្លូវលំ​ប្រវែង ៧៥,៦៨០ម៉ែត្រ និងខូចខាតផ្លូវលំ​ប្រវែង ២៦,៥៦៥ម៉ែត្រ ខូចខាតផ្ទះមួយខ្នង សាលារៀនចំនួន៣៧កន្លែង មណ្ឌល​សុខ​ភាព១ អណ្តូងទឹកចំនួន ២៨៥អណ្តូង ខូចខាតអណ្តូង៩០អណ្តូង បង្គន់អនាម័យ ចំនួន៣០៣​ បង្គន់ ព្រមទាំងប៉ះពាល់ប្រឡាយ និងទំនប់ប្រវែង១៥៨,៤៦៧ម៉ែត្រ និងខូចខាតទាំង​ស្រុកប្រវែង៣០០ម៉ែត្រ។

លោក ឌុច គង្គា បានបន្តថា គ្រោះទឹកជំនន់នេះ អាជ្ញាធរខេត្តព្រៃវែងដឹកនាំដោយលោក ជា សុមេធី អភិបាលខេត្ត បានដឹកនាំក្រុមការ​ងារ​ចុះពិនិត្យស្ថានភាពទឹកជំនន់ និងបានណែ​នាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងណែនាំឲ្យអាជ្ញាធរ​មូលដ្ឋានបន្ថែមការប្រុងប្រយ័ត្ន​ ខ្ពស់ ក្នុងការត្រៀមលក្ខណៈ ដើម្បីជួយសង្គ្រោះពលរដ្ឋ និងស្វែងរកទីទួលមានសុវត្ថិភាព ជូនពួកគាត់ធានាបាននូវសុខសុវត្ថិភាព។ ពិសេសតំបន់ដែលគ្រោះថ្នាក់​ គឺហាមមិនឲ្យធ្វើដំណើរឆ្លងកាត់ ត្រូវដាក់ស្លាកសញ្ញាសម្គាល់ឲ្យពួកគាត់​បានដឹង ហើយអាជ្ញាធរទាំងអស់ ត្រូវដាក់កម្លាំងវេនប្រចាំការនៅតាមកន្លែងដែលប្រឈមនឹងការលិចលង់ខ្លាំង ដើម្បីធានាសុខ​សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេស​បានត្រៀមនិងចែកស្បៀងជូនប្រជាពលដ្ឋផងដែរ។

លោក ឌុច គន្ធា បានបញ្ជាក់ថា នៅថ្ងៃ១៥ ខែកញ្ញា, លោក ស សុខា រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោក ជា សុមេធី បានឧបត្ថម្ភគ្រួសារក្រីក្រចំនួន ២គ្រួសារ នៅឃុំរកា ស្រុកពារំាង ដោយ​១គ្រួសារទទួលបានថវិការចំនួន២០ម៉ឺន​រៀល ក្នុងនោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួមនិងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការ ស្រុកពោធិ៍រៀង និងប្រជាពលរដ្ឋ បានចូលរួមកម្លាំងទប់ផ្លូវប្រមាណ១,០០០ម៉ែត្រ ត្រង់ចំណុចស្ពានកំពង់ខ្សាច់ ស្រុកពោធ៌រៀង ខេត្តព្រៃវែង។

បើតាមលោក ឌុច គន្គា កម្រិតប្រកាសអាសន្ននៅខេត្តព្រៃវែងនោះ៧,៥០ម៉ែត្រ ឥឡូវទឹកនៅ ៦,៨៣ម៉ែត្រ បើធៀបនិងឆ្នាំ២០១៨កម្រិតខ្ពស់ជាង០,០៨ គឺជិត​ប្រកាសអាសន្នហើយ៕

ចែករំលែកអត្ថបទ