Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

ហ្គេមបាញ់ត្រីដុះស្លែចំនួន៤ ទីតាំងនៅខណ្ឌ ដូនពេញ កំពុងបើកបង្អួតភ្នែកអាជ្ញាធរ ខណៈ ដែលអាជ្ញាធរមិនហ៊ានបង្ក្រាប

(ភ្នំពេញ)៖ មានសេចក្តីរាយការណ៍ពីប្រជា ពលរដ្ឋថា ទីតាំងហ្គេមបាញ់ត្រីចំនួន៣ទីតាំងកំពុងបើកលេង និង ទទួលអតិថិជនចូល លេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យជាយូរឆ្នាំណាស់មកហើយ ពុំដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬ មន្ត្រីជំនាញណាចុះបង្ក្រាបនោះទេ ។

ទីតាំងហ្គេមបាញ់ត្រីដូចខាងក្រោម ៖
ទី១,ទីតាំងហ្គេមបាញ់ត្រីដុះស្លែតាមបណ្ដោយផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
ទី២, ទីតាំងហ្គេមបាញ់ត្រីដុះស្លែតាមបណ្ដោយផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។
ទី៣, ទីតាំងហ្គេមបាញ់ត្រីដុះស្លែតាមបណ្ដោយផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
ទី៤, ហ្គេមបាញ់ត្រីមួយកន្លែងតាមបណ្តោយផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

យោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង បានចែងថា អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ី សង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ។

មហាជនទូទៅ និង ប្រជាពលរដ្ឋនៅក្បែរទីតាំងហ្គេមបាញ់ត្រីខាងលើកំពុងរងចាំមើលចំណាត់ការរបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោកវរសេនី យ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ តេីនឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងដុះស្លែមួយនេះបែបណា?

ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕

ចែករំលែកអត្ថបទ